កំពង់ចាមៈ កូនប្រុសអកតញ្ញូម្នាក់ ត្រូវបានឪពុកម្តាយបង្កើតប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបន្ទាប់ពីកូនប្រុសរបស់គាត់បានធ្លាក់ខ្លួនទៅជាមនុស្សញៀនថ្នាំវាយធ្វើបាបឪពុកម្តាយ និងគំរាមកំហែងលួចយកប្រាក់អស់ជាច្រើនលើក ហើយត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងភូមិស្វាយម៉ូ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
នគរបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា នៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៦ មានជនរងគ្រោះ២នាក់ប្តីប្រពន្ធឈ្មោះ. កៅ ពៅ អាយុ៦៧ឆ្នាំ និង ប្រពន្ធឈ្មោះ អេង សារ៉ាន់ អាយុ ៦០ ឆ្នាំ មានទីលំនៅភូមិស្វាយម៉ូ ឃុំព្រែកដំបូកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានមកប្តឹងនគរបាលប៉ុស្តិ៍ព្រែកដំបូក ឲ្យធ្វើការចាប់ខ្លួនកូនប្រុសអកតញ្ញូ របស់ពួកគាត់មានឈ្មោះ កៅ ឆៃ អាយុ២០ឆ្នាំ រស់ក្នុងបន្ទុកគ្រួសារ ពីបទគំរាមកំហែងលើពួកគាត់ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងលួចយកលុយ ។ ក្រោយពីទទួលបណ្តឹង របស់ជនរងគ្រោះរួចមក សមត្ថកិច្ច បានតាម រកកូនប្រុសកំហូចខាងលើ តែរកមិនឃើញ ។ លុះរំលងបានមួយថ្ងៃ ក្រោយមកទើប សមត្ថកិច្ចចាប់ខ្លួនកូនប្រុសអកតញ្ញូឈ្មោះ កៅ ឆៃ បាននាំមកអធិការដ្ឋានបំពេញសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់តុលាការ ពីបទគំរាមកំហែងឪពុកម្តាយ ៕
មតិយោបល់