ទីតាំងជួសជុលរថយន្ត គ្មានស្លាកយីហោមួយកន្លែង បើកអាជីវកម្មរំលោភលើដីចំណីផ្លូវជាតិ លេខ៥ ដោយមិនខ្វល់ពីផលបះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈឡើយ ដោយគេសង្ស័យថា គ្មានច្បាប់អនុញ្ញាតិ ។
ទីតាំងជួសជុលរថយន្ត ដែលត្រូវមហាជនរិះគន់ខាងលើនេះ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់ ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅក្បែរនោះ ពិសេសអ្នកធ្វើដំណើរឆ្លងកាត់ បានរិះគន់ថា ទីតាំង ខាងលើ មានរថយន្តចូលជួសជុលជាហូរហែរ ពេញចិញ្ចើមផ្លូវសាធារណៈ ពេលខ្លះហៀរដល់ លើផ្លូវ កៅ ស៊ូទៀតផង ម្យ៉ាងទៀតនោះ ទីនោះជាចំណុចផ្លូវកោង ងាយនិងបង្កអោយមានគ្រោះថ្នាក់ ចរាចរណ៍ ជាយថាហេតុ ។
ប្រភពបន្តថា យានដ្ឋានខាងលើនេះ ហាក់មិនខ្វល់ដល់ផលប៉ះពាល់ ដល់អ្នកដទៃទាល់តែសោះ គិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយទីតាំងបើកអាជីវកម្មមួយនេះ គេសង្ស័យថា គ្មានច្បាប់អនុញ្ញាតទៀតផង តែគេមិនជឿរថា អាជ្ញាធរមើលរំលងឡើយ ផ្ទុយទៅវិញ ទីតាំងអាជីវកម្មជួសជុលរថយន្ត រំលោភលើចំណីផ្លូវខាងលើនេះ មានដំណើរការជាយូរណាស់មកហើយ ពុំទាន់មានចំណាត់ការពីអាជ្ញាធរ ក៍ដូចជាមន្ត្រីជំនាញនៅឡើយ ។
ករណីនេះ អ្នកយកព័ត៌មានយើង បានទូរស័ព្ទទៅលោក សេង គឹមហួ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល អន្លង់ត្នោត តែទូរស័ព្ទទាក់ទងមិនបាន បុន្តែរយៈកាលកន្លងមក លោកបានណែនាំអោយអ្នកធ្វើអាជីវកម្ម ជួសជុលរថយន្តខាងលើនេះ ផ្អាកជាបន្ទាន់ ប៉ុន្តែអ្នកធ្វើអាជីវកម្មជួសជុលរថយន្ត មិនបានអនុវត្តទៅតាមការណែនាំ របស់ប៉ូលីស និង អាជ្ញាធរឡើយ ហេតុនេះហើយ ប្រជាពលរដ្ឋជិតខាង រងចាំមើលថា តើអាជ្ញាធរ និង សមត្ថកិច្ច អាចចាត់ការទៅលើអ្នកធ្វើអាជីវកម្ម ជួសជុលថយន្តខាងលើ ដែលយកចំណីផ្លូវ ធ្វើអាជីវកម្មបានដែរឬទេ ៕
មតិយោបល់