ព័ត៌មានជាតិ

កំណាត់ផ្លូវជាតិលេខ១​ពី គល់ស្ពានភ្លោះព្រះមុនីវង្ស ដល់ភូមិក្ដីតាកុយ នឹងចាប់ផ្ដើមស្ថាបនានៅខែមេសា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ការស្ថាបនាកំណាត់ផ្លូវជាតិលេខ១​ពីគល់ស្ពានភ្លោះព្រះមុនីវង្ស ដល់ភូមិក្ដីតាកុយ នឹងចាប់ផ្ដើមយ៉ាងយូរបំផុតនៅខែមេសាខាងមុខនេះ ដោយ​ក្រុមហ៊ុនជប៉ុន។

ឯកឧត្តម វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ ២០១៥ ម្សិលមិញនេះថា ក្រុម ការងារអន្តរក្រសួង រួមមានក្រសួងសាធារណការ និងដឹក​ជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងបញ្ចប់គម្រោងផ្ដល់សំណងជូនពលរដ្ឋនៅសេសសល់ប៉ុន្មានគ្រួសារ​ចុងក្រោយ ដែលប៉ះពាល់ដោយសារការពង្រីកផ្លូវឱ្យបានរួចរាល់នាអំឡុង ខែមីនា ឆ្នាំ២០១៥នេះ ។

ឯកឧត្តម បានបញ្ជាក់ទៀតថា នៅថ្ងៃទី២២ ខែមីនា ខាងមុខនេះ រដ្ឋាភិបាលកម្ពុជា និងជប៉ុននឹងចុះហត្ថលេខា​​លើ​កិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន ដែលអាចបើកផ្លូវដល់ការចាប់ផ្ដើមស្ថាបនា ដោយយ៉ាងយូរបំផុតត្រឹមខែមេសា។

គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវជាតិលេខ១ ដែលគ្រោងនឹងសាងសង់នេះ គឺមានប្រវែង៦គីឡូម៉ែត្រ ស្ថាបនា​ក្រោម​ជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ ២លានដុល្លារអាមេរិកគឺជាផ្លូវអាស៊ានហាយវ៉េលេខ១ ភ្ជាប់ពីប្រទេសសិង្ហ បុរី ម៉ាឡេស៊ី ថៃ កម្ពុជា និងវៀតណាម៕

140206_04

មតិយោបល់