ព័ត៌មានជាតិ

១​ឆ្នាំ​ហើយ យន្តហោះ MH 370 នៅតែ​គ្មាន​ដំណឹង​

​បើ​ទោះបីជា​នៅ​សល់​ក្ដីសង្ឃឹម​តិច​តូច​ក្ដី ក៏​សាច់ញាតិ​របស់​អ្នកដំណើរ​នៅ​លើ​យន្តហោះ Malaysia Airlines MH 370 ទាំងអស់ នៅតែ​រំពឹងថា សាច់ញាតិ​ខ្លួន​នៅរស់ ហើយ​សង្ឃឹមថា​នឹង​រក​ឃើញ ខណៈ​ដែល​គិត​មកដល់​ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ ២០១៥ នេះ ជា​ថ្ងៃ​គម្រប់​ខួប​១​ឆ្នាំ​នៃ​ការបាត់​យន្តហោះ MH 370​។​

Malaysia Airlines MH 370 បាន​ហោះហើរ​ពី​ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី ទៅ​កាន់​ក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃ​ទី ០៨​ខែ​មីនា ឆ្នាំ ២០១៤ ជាមួយនឹង​មនុស្ស ២៣៩​នាក់ និង​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដោយ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា បាន​ធ្លាក់​នៅ​លើ​ក្នុង​សមុទ្រ​ឥណ្ឌា​។​

​យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​បានឲ្យដឹងថា នៅលើ​យន្តហោះ មាន​អ្នកដំណើរ​ចំនួន ២២៧​នាក់ និង​សហ​នាវិក​ចំនួន ១២​នាក់ ដោយ​ក្នុង​នោះ​មាន​ជនជាតិ​ចិន ១៥២​នាក់​,​អូស្ត្រាលី ៦​នាក់​, កាណាដា ២​នាក់​, បារាំង ៤​នាក់​, ហុងកុង ១​នាក់​, ឥណ្ឌា ៥​នាក់​, ឥណ្ឌូនេស៊ី ៧​នាក់​, អ៉ឺរ៉ាក់ ២​នាក់​, ម៉ាឡេស៊ី ៥០​នាក់​, ហូ​ឡង់ ១​នាក់​, ញូ​វែល​សេ​ឡង់ ២​នាក់​, រុស្ស៊ី ១​នាក់​, តៃវ៉ាន់ ១​នាក់​, អ៊ុ​យក្រែន ២​នាក់ និង​សហរដ្ឋអាមេរិក ៣​នាក់​។

​ក្រោយ​ពី​ការ​បាត់​យន្តហោះ MH 370 មាន​ប្រទេស​ជាច្រើន​បាន​ចូលរួម​ស្វែងរក ដោយ​ប្រើប្រាស់​នាវាចម្បាំង យន្តហោះ ផ្ដាយរណប និង​ឧបករណ៍​ស្គែ​ន​បាត់​សមុទ្រ ប៉ុន្តែ​គិត​មកដល់ពេលនេះ អស់​រយៈពេល ១២​ខែ​ហើយ នៅតែ​គ្មាន​តម្រុយ និង​ដាន​អ្វី​ទាំងអស់​៕​

malaysia-mh370-artwork-1

មតិយោបល់