ព័ត៌មានជាតិ

Update៖ រថយន្តសាំយ៉ុងចង់សាកកម្លាំងគ្នាជាមួយរថយន្តក្រុង មានអីខូចខាតយ៉ាងដំណំទាំងព្រឹក

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍មួយ បានកើតឡើងរវាងរថយន្តសាំយ៉ុងដឹកអ្នកដំណើរមួយគ្រឿង បានបុកពីក្រោយរថយន្តក្រុងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់រថយន្តសាំយ៉ុងមានឈ្មោះ សុខ សេង ដែលជាម្ចាស់រថយន្តតាក់ស៊ី។ ចំណែកឯអ្នកបើកបររថយន្តក្រុងមានឈ្មោះ ណុំ សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ រដ្ឋ 37 3-0034 បានធ្វើដំណើរចេញពីចំណតគីឡូម៉ែត្រលេខ៩ ដោយធ្វើដំណើរតាមបណ្តោផ្លូវជាតិលេខ៥ បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តក្រុងបានស៊ីញ៉ូអែបស្តាំ ដើម្បីដាក់អ្នកធ្វើដំណើរក្នុងរថយន្តក្រុងចូលចំណត ខណៈស៊ីញ៉ូមិនទាន់បានអែបស្តាំផង ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក សាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2Q-2178 បានបើកបរស្របទិសគ្នាជាមួយរថយន្តក្រុង ដោយរថយន្តសាំយ៉ុងបានបើកពីក្រោយរថយន្តក្រុង ស្រាប់តែឃើញរថយន្តស៊ាំយ៉ុងទៅបុកពីក្រោយចំគូថរថយន្តក្រុងយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តសាំយ៉ុង ហើយនិងអ្នកជិះលើរថយន្តបាននាំគ្នាចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានធ្វើការទាក់ទងទៅការិយាល័យនគរបាលចររាចរណ៍រាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំង ២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចររាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់