ព័ត៌មានជាតិ

ផ្សោត​ទន្លេ​មេគង្គ​ ជា​កត្តា​សំខាន់​ទី​២​ ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី សុខ អាន បានថ្លែងឲ្យដឹងថា សត្វផ្សោត ទន្លេមេគង្គ ស្ថិតក្នុងកត្តាសំខាន់ទី២ បន្ទាប់ពីអង្គរវត្ត ដែលបាន ធ្វើឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលចិត្តមកទស្សនាកម្ពុជា ពិសេសមកកាន់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

លោក សុខ អាន បានថ្លែងនៅក្នុង​ពិធីបើកឲ្យដំណើរការជាផ្លូវការ ពិធីបុណ្យទន្លេលើកទី១ នៅខេត្តក្រចេះ ដោយ​យោងតាមទៅតាមការវាយតម្លៃរបស់អង្គការ UNWTO ថា សត្វផ្សោតទន្លេមេគង្គ ដែលមាននៅក្នុង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង គឺស្ថិតក្នុងកត្តាសំខាន់ទី២ បន្ទាប់ពីអង្គរវត្ត ដែលទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ​ឲ្យមក​ទស្សនាប្រទេសកម្ពុជា ជាពិសេសគឺខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដូច្នេះត្រូវតែធ្វើការអភិរក្ស និងថែរក្សាបានល្អ។

យោងតាម របាយការណ៍របស់អភិបាលខេត្តក្រចេះ គឺកាលពីជិត១០ឆ្នាំមុនភ្ញៀវទេសចរដែល មកទស្សនាខេត្ត​ក្រចេះ​មានចំនួនតិចតួចណាស់ ប៉ុន្តែមានការកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសនៅក្នុង​ឆ្នាំ២០១៤ ភ្ញៀវទេសចរចូលមកខេត្តក្រចេះ មានចំនួនជិត ២៥ម៉ឺននាក់ គឺជិតស្មើនឹងចំនួនប្រជាពលរដ្ឋនៅខេត្តក្រចេះ ដែលក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួនជាង ២ម៉ឺននាក់ និងភ្ញៀវក្នុងស្រុកមានជាង២២ម៉ឺននាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ថ្លែងថាបន្តទៀតថា សត្វផ្សោតប្រៀបបាននឹង«មេមាន់ពងមាស» ដូច្នេះយើង​ត្រូវថែ រក្សាមេមាន់នេះឱ្យបានល្អ ព្រោះបើយើងអភិរក្ស និងថែរក្សាសត្វផ្សោតបានល្អ នោះប្រាក់ចំណូលរបស់ យើង​ក៏កើនឡើងយ៉ាងដូច្នោះដែរ៕

6bc7f5ca-eb35-4180-9d6f-e24c0f179487

មតិយោបល់