ព័ត៌មានជាតិ

ក្រុមហ៊ុន​ទិញ​ដំឡូង​មី កំពុង​បង្ហូរ​ទឹកស្អុយ​មាន​ជាតិពុល​ចូល​ក្នុង​អូរ ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ និង​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ

​ប៉ៃលិន ៖ ក្រោយ​ពី​ទ​ទូល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ស្តង់​ដំឡូង​មួយចំនួន​កំពុង​បង្ហូរ​ទឹកស្អុយ​មាន​ជាតិពុល​ចូល​ក្នុង​អូរ ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ​នោះ ទើប​អាជ្ញាធរ​ក្រុងប៉ៃលិន និង​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​រតនមណ្ឌល​ខេត្ត​បាត់ដំបង ដែល​ជាប់​និង​ខេត្ត​ប៉ៃលិន បាន​ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ​ទឹក​អូរ និង​តាម​ស្តង់​ដំឡូង​មី​នីមួយៗ ជាពិសេស​ស្តង់​ឈ្មោះ​ក្រុមហ៊ុន​ប៉ៃលិន អ៊ី​ន​ធើរ​ថេត ខូ អិល ធី ឌី ដែល​កំពុងតែ​មាន​ការ​ហូរ​ទឹកស្អុយ​ចូល​ក្នុង​អូរ ។​ការចុះ​ត្រួតពិនិត្យ​នេះ មាន​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា គឺ​ថ្ងៃ​ទី​២០​និង​២១ ខែ​មិនា ឆ្នាំ​២០១៥ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ប៉ាង​រលឹម និង​ភូមិ​សួស្តី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រស់នៅ​ក្នុងភូមិ​សួស្តី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​ភូមិ​តា​គ្រក់ ភូមិ​ជី​នៀង​លើ ភូមិ​ជី​នៀង​ក្រោម ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ជាប់​នឹង​ព្រំប្រទល់​ខេត្ត​ប៉ៃលិន​បាន​រៀបរាប់​ឱ្យដឹងថា ជា​រៀងរាល់ថ្ងៃ​ពួកគាត់​មាន​ការលំបាក​យ៉ាងខ្លាំង ដោយ​ខ្វះ​ទឹក​ប្រើប្រាស់ ដូចជា​ងូត ដាំបាយ ស្រោចស្រព​បន្លែ​ជាដើម ហើយ​ពួកគាត់​ត្រូវ​បង្ខំចិត្ត​នាំគ្នា​ជិះ​កង់ ម៉ូតូ អ្នកខ្លះ​ដើរ​ទៅ​ដងទឹក​ស្រះ​មួយកន្លែង​ទៀត ដែល​គ្មាន​សារធាតុពុល​នៅ​ខាងត្បូង​អូរ​នេះ​ចម្ងាយ​ប្រហែល​២ ទៅ​៣​គីឡូម៉ែត្រ ព្រោះ​អស់​រយៈពេល​ជាង​កន្លះ​ខែ​មកនេះ ទឹកអូរ​ដែល​នៅ​ជិតបង្កើយ​ផ្ទះ​របស់​ពួកគាត់​ត្រូវបាន​ក្លាយទៅជា​ទឹកស្អុយ​អសោច៍ ថែមទាំង​មាន​សារធាតុ​ពុល ដោយសារ​ម្ចាស់​ស្តង់​ដំឡូង​មី​មួយ​ចំនួន ក្នុង​ក្រុង​ប៉ៃលិន មិន​បាន​សាងសង់​អាង​សម្រាប់​ស្តុក​ទឹកស្អុយ ដែល​ហូរ​ចេញពី​ស្តង់​ដំឡូង​មី​របស់ខ្លួន ពោល​គឺ​បណ្តែតបណ្តោយ​ឱ្យ​ទឹក​ស្អុយ​នេះ ហូរ​ចូល​ទៅក្នុង​អូរ​ធម្មជាតិ​ដោយ​សេរី​តែម្តង ។​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា កាលពីមុន​ទឹកអូរ​នេះ ហូរ​រឹមៗ​ថ្លាយង់ គ្មាន​ក្លិន​អ្វី​ទាំងអស់ អាច​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់ពី​មាន​ថៅកែ​ធំៗ​ជា​ជនជាតិ​ខ្មែរ និង​ថៃ បាន​ចូល​មក​សាងសង់​ស្តង់​ដំឡូង​មី​នៅក្នុង​ភូមិ​ខាងលើ លុះដល់​ពេល​រដូវ​ប្រមូល​ផល​ដំឡូង​មី​ម្តងៗ ខណៈ​គេ​ចិញ្ច្រាំ​ដាក់​ហាល លុះ​ពេល​ភ្លៀង​ធ្លាក់​មក បណ្តាលឱ្យ​រង​ការខូចខាត ហើយ​ទឹកស្អុយ​នេះ ក៏​ហូរ​ធ្លាក់​ទៅក្នុង​អូរ​បង្ក​ការប៉ះពាល់​តែម្តង ។​ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​គិតគូរ​ខ្ពស់​ដល់​សុខភាព​របស់​ពួកគាត់ ដោយ​សាងសង់​ជា​អណ្តូងទឹក ឬ​រៀបចំ​ឱ្យ​ស្តង់​នី​មួយៗ បង្កើត​អាង​ស្តុក​សារធាតុពុល​នេះ នៅក្នុង​កន្លែង​របស់​ខ្លួន កុំឱ្យ​ហូរ​ធ្លាក់​ក្នុង​អូរ​បន្តទៀត ។ លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ខាង​មន្ទីរ ក៏​នឹង​ចាត់ការ​ទៅ​លើ​បញ្ហា​នេះ​ដែរ ព្រោះថា​ទឹក​នេះ បង្ក​ការប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន ជា​ពិសេស​បើ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រស់នៅ​ភូមិ​ទាំង​នេះ ចុះ​ទៅ​ក្នុង​ទឹកអូរ​លាងដៃ លាង​ជើង អាច​បង្ក​ទៅ​ជា​កមរមាស់ និង​ពុល​ថែមទៀត​ផង​ដែរ ។ លោក​បញ្ជាក់ទៀតថា ខាង​មន្ទីរ​នឹង​ឱ្យ​ម្ចាស់​ស្តង់​នី​មួយៗ រៀបចំ​សារជាថ្មី​ឡើងវិញ ។​បើ​តាម​ការរៀបរាប់រ​បស់​លោក ឡូ លុយ អភិបាលរង​ក្រុង​ប៉ៃលិន មាន​ប្រសា​ស​ន៏​ថា ទឹកអូរ​ជាប់​ព្រំប្រទល់​ខេត្ត​ប៉ៃលិន និង​បាត់ដំបង រហូតមកដល់​ពេលនេះ​មាន​លក្ខណៈ​ខ្មៅ​ធុំក្លិន​ស្អុយ​មែន ខាង​អាជ្ញាធរ​ក្រុងប៉ៃលិន សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​រតនមណ្ឌល បាន​ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យរ​ក​ឃើញថា ទឹកអូរ​នេះ​បង្ក​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ។​លោក​បាន​បន្តទៀតថា មូលហេតុ​នេះ ដោយសារតែ​ម្ចាស់​ស្តង់​ដំឡូង​មី​សាងសង់​ខុស​លក្ខណៈ​បច្ចេកទេស ដោយ​អត់​មាន​អាង​ស្តុក​សារធាតុពុល​ត្រឹមត្រូវ ខណៈពេល​ភ្លៀង​ខ្លាំង​ម្តងៗ បណ្តាលឱ្យ​ហូរ​ជាតិ​ពុល​នេះ ចូលទៅ​ក្នុង​អូរ​ធ្វើឱ្យពុល​ត្រី ក្តាម ខ្យង ងាប់​អស់ សូម្បី​តែ​យក​ទៅ​ប្រើប្រាស់​ធ្វើ​អ្វី​ក៏​មិន​កើត​ដែរ ។ លោក​បញ្ជាក់ទៀតថា នៅ​ថ្ងៃ​ខាង​មុខ​ឆាប់ៗ​នេះ ខាង​អាជ្ញាធរ​នឹង​ចាត់វិធានការ ដើម្បី​មិនឱ្យ​បន្ត​ការប៉ះពាល់​ដល់​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​តទៅទៀត ៕​
download-53

download-46

មតិយោបល់