ភ្នំពេញ៖ រឿង”ស្ទឹងស្នេហា” ដែលជារឿងភាគបែបមនោសញ្ចេតនា របស់ផលិតកម្មចក្រវាឡភាពយន្ត ដែលពេលនេះ ថតបាន ៣០ ភាគរយ ចាប់តាំងពីក្រុងពាលី នៅភ្នំស្រង់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៣ ខែ មីនា ដោយពេលនេះមានស្ថានីយ៍ទូរទស្សន៍មួយ បានកក់ទុកមុន ។
កាលពីថ្ងៃទី ២១ ខែ មីនា កន្លងទៅនេះ ភាពយន្ត “ស្ទឹងស្នេហា” បានដំណើរការថត នៅមុខផ្សារទំនើប TK ដែលធ្វើឡើងនៅក្នុងហាង The Grand Coffee ដែលជាប្លង់មួយ មានតារាល្បីៗចូលរួមថត ក្នុងនោះមាន អ្នកនាង ឆៃលី ដាឡែន លោក យូឌីស្កូ លោក អ៊ឹម ជីវ៉ា និង តួឯកក្នុងរឿង “ស្ទឹងស្នេហា” លោក ថៃ ប៊ុននាង ។
រឿងមនោសញ្ចេតនា ដ៏អស្ចារ្យ កំសត់ក៏កំសត់ ឈ្នានីស ក៏ឈ្នានីស បានដំណើរការថតបាន ៣០ ភាគរយ ទៅហើយ រាប់ទាំងប្លង់ថតនៅ ហាង The Grand Coffee នៅមុខផ្សារ TK ក្នុងទឹកដីទួលគោក ។ នេះបើតាមសម្តីអ្នកស្រី ចុង សៀវទៀង ម្ចាស់ផលិតកម្ម ចក្រវាឡភាពយន្ត បានប្រាប់ដល់គេហទំព័រ ដំណឹង ។
អ្នកស្រីបានបន្តថា ភាពយន្ត ដែលគ្រោងចាយទុនពី ២ ទៅ ៣ ម៉ឺនដុល្លារនេះ ថតមិនទាន់ចប់ស្រួលបួលផង នៅពេលនេះមានស្ថានីយ៍ទូរទស្សន៍មួយ បានកក់ទុនមុនបាត់ទៅហើយ ។ នៅពេលដែលអ្នកព័ត៌មានយើង សួរថា មូលហេតុអ្វីបានជាស្ថានីយ៍ទូរទស្សន៍មួយនោះ កក់ទុក ទាំងមិនទាន់បានមើលសាច់រឿងឲ្យចប់ស្រួលបួលផង ?
ម្ចាស់ផលិតកម្មចក្រវាឡភាពយន្ត បានឆ្លើយថា “មូលហេតុដែលទូរទស្សន៍មួយនោះ កក់ទុនមុន (សុំមិនបញ្ចេញឈ្មោះទូរទស្សន៍) ដោយសារតែរឿង “ស្ទឹងស្នេហា” នេះមានតួល្បីៗ ជាពិសេស តារាសម្តែងទឹកភ្នែក នី មុន្នីនាថ អ្នកនាង ឆៃលី ដាឡែន លោក យូនីស្កូ អ្នកនាង ចាន់តារាទី ហេង ស្រីពេជ្រ លោក អ៊ឹម ជីវ៉ា និងតារាល្បីៗជាច្រើនទៀត។ ទាំងនេះហើយដែលធ្វើឲ្យស្ថានីយ៍ទូរទស្សន៍មួយនោះ ចាប់អារម្មណ៍ និងមិនចង់ឲ្យរឿងដ៏ល្អនេះ ធ្លាក់ទៅលើស្ថានីយ៍ទូរទស្សន៍ផ្សេងទៀត ” ។ អ្នកស្រី ចុង សៀវទៀង បានបន្ថែមទៀតថា កន្លងមក ខាងផលិតកម្ម ចក្រវាឡភាពយន្តបានផលិតរឿងជាច្រើន ដោយទទួលបានជោគជ័យ ដោយមិនចាញ់ផលិតកម្មផ្សេងៗឡើយ ហើយរឿងនេះអាចនិយាយថា វាជោគជ័យបាត់ទៅហើយ ខណៈដែល មានស្ថានីយ៍ទូរទស្សន៍មួយនោះ កក់ទុកមុនយ៉ាងនេះ ។
សូមរំឭក ផងដែរថា តូឯកប្រុសក្នុងរឿង”ស្ទឹងស្នេហា” នេះសម្តែងដោយលោក ថៃ ប៊ុននាង ដែលជាកូនប្រុសម្ចាស់ផលិតកម្ម និង តួឯកស្រី កញ្ញា នី មុន្នីនាថ ដែលជាតារាដ៏ល្បីល្បាញ ខាងទឹកភ្នែក៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់