ភ្នំពេញ៖ ក្រោយពីជោគជាំលើ មាគ៌ាសិល្បៈ តារាសម្តែង អន រ៉ាស៊ីសុមេត្តា ហៅ No More កំពុងតែក្តាប់បានតំណែង ជាពិធីការិនី នៅស្ថានីយ៍ទូរទស្សន៍ដែលបើកថ្មី MSJ HDTV ។
តារាសម្តែងដែលកំពុងឡើងកូដ យ៉ាងគំហុក ដោយត្រូវប៉ានបំផុត ថតកាយវិការខារ៉ាអូខេ ឲ្យផលិតកម្ម ថោន និងផលិតកម្មមួយចំនួនផ្សេងទៀត ។
ជាមួយនឹងភាពជោគជ័យ ដោយកម្លាំងញើសឈាមខ្លួននេះ ស្រីស្រស់ No More ធ្លាប់បានប្រកាសថ្មីៗនេះ នៅលើបណ្តាញសង្គមថា “ពាក់កណ្តាលឆ្នាំ ២០១៤ ទិញបានរថយន្ត និងដើមឆ្នាំ ២០១៥ ទិញបានផ្ទះ” ចំណុចនេះធ្វើឲ្យ អ្នកគាំទ្រសរសើរពីភាពជោគជ័យ ហើយក៏ធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈដូចគ្នា ច្រណែន ពីភាពជោគជ័យរបស់នាង ។ប៉ុន្មាននាទីមុន នៅថ្ងទី ២៤ ខែ មីនា ឆ្នាំ ២០១៥ នេះដែរ តារាសម្តែង អន រ៉ាស៊ីសុមេត្តា ក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាថ្មីម្តងទៀតដោយស្រីស្រស់យីអ៊ុនឡើងរូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួនថា “ជិតចូលឆ្នាំថ្មីប្រពៃណីខ្មែរ ថ្ងៃនេះនាងខ្ញុំបានទទួលការងារថ្មី គឺធ្វើជាពិធីការនី នៅទូរទស្សន៌ថ្មី MSJ HDTV ដែលគ្រោងដំណើរការនៅថ្ងៃទី 1 ខែមេសាខាងមុខនេះ” ។
ឆ្លើយឆ្លងសម្តីជាមួយនឹងសារព័ត៌មានដំណឹង តាមរយៈខ្សែទូរស័ព្ទ No More បានបញ្ជាក់ថា “អ្វីដែលខ្លួនសរសេរលើហ្វេសប៊ុកជារឿងពិត ដោយជាប់ជាពិធីការិនី នៅ MSJ HDTV ដោយឆ្លងកាត់ការធ្វើតេស្តរត្រឹមត្រូវ ដោយមានបេក្ខនារី ជាច្រើនចូលរួមធ្វើតេស្ត តែ សំណាងល្អដែលខាងស្ថានីយ៍ទូរទស្សន៍នេះ ឃើញសមត្ថភាពខ្លួនមាន ក៏ចុចឈ្មោះខ្លួនឲ្យជាប់តែម្តង” ។
នៅពេលដែលសួរពីការងារបច្ចុប្បន្ន No More បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ រកតែពេលដកដង្ហើមមិនរួចទេ បងអើយ ! ដោយជាប់ថតនេះ ថតនោះ ហើយចូលឆ្នាំរួចខ្លួននឹង ត្រូវថតរឿងភាគឲ្យស្ថានីយ៍ទូរទស្សន៍មួយ (សុំមិនបញ្ចេញឈ្មោះ) ដោយខាងស្ថានីយ៍ទូរទសស្សន៍ តម្រូវឲ្យខ្លួន ដើរជាតួកាច។
ជាចុងបញ្ចប់នាង ក៏សូមថ្លែងអំណរគុណ ដល់អ្នកបណ្តាផលិតកម្ម ស្ថានីយ៍ទូរទស្សន៍ ដែលតែងតែផ្តល់ការងារឲ្យនាងធ្វើ និងជាពិសេសអ្នកគាំទ្រគ្រប់មជ្ឈដ្ឋានទាំងអស់ ដែលតែងតែគាំទ្រនាងកន្លងមក ៕
មតិយោបល់