បន្ទាយមានជ័យ៖ចោរស្រីដៃឆើតម្នាក់ក្រោយពីឪពុកម្ដាយបណ្ដេញចេញពីផ្ទះក៏បែកគំនិតរៀបចំផែនការប្លន់យកម៉ូតូពីអ្នករត់ម៉ូតូឌុបដោយប្រើប្រាស់ពូថៅធ្វើសកម្មភាពប៉ុន្ដែសកម្មភាពមួយនេះបានបរាជ័យព្រោះតែជនរងគ្រោះដឹងទាន់វាយទប់ទល់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកចាប់ខ្លួនបានតែម្តងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២២ ខែមីនាឆ្នាំ២០១៥ ស្ថិតនៅចំណុចទំនប់កណ្ដោល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ។ លោក ស៊ីវសុជាតិ អធិការនគរបាលក្រុងសិរិសោភ័ណបាននិយាយថាជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើនេះមានឈ្មោះសនឌីសាវ៉េត ហៅថានមស្រី អាយុ១៩ឆ្នាំ រស់នៅភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេតព្រះ ខេត្ដបន្ទាយមានជ័យ ដោយយកពូថៅកាប់ទៅលើអ្នករត់ម៉ូតូឌុបឈ្មោះលឹមសុវណ្ណធី អាយុ៥៤ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកស៊ីវ សុជាតិ បានបន្ដទៀតថា មុន ពេលកើតហេតុ ជនល្មើសបានហៅជនរងគ្រោះឌុបចេញពីផ្សារចំការគហៅផ្សារថ្មីលុះពេលធ្វើដំណើរដល់ចំណុចទំនប់កណ្ដោលជាកន្លែងស្ងាត់ផងនោះជនល្មើសបានប្រាប់ឲ្យ ជនរងគ្រោះឈប់ដើម្បីរង់ចាំមិត្ដភក្ដិស្រាប់តែពេលជនរងគ្រោះឈប់ជនល្មើសក៏ដកពូថៅពីចង្កេះកាប់ក្បាលពីក្រោយតែ ជនរងគ្រោះក្រឡេកឃើញទាន់ក៏ផ្ដួលម៉ូតូ រត់ពេលដែលជន រងគ្រោះរត់គេចខ្លួនជនល្មើសបានដេញកាប់ពីក្រោយតែជនរង គ្រោះរើសបានដំបងឫស្សី វាយជនល្មើសចំស្មានិងចំកញ្ចឹងករហូតមានការប្រតាយប្រតប់គ្នាហើយយកបានពូថៅពីជន ល្មើសបានពេលនោះប្រជាពលរដ្ឋនៅក្នុងភូមិបានផ្អើលឆោឡោចេញមកជួយអន្ដរាគមន៍ហើយទាក់ទងទៅសមត្ថកិច្ចចុះមកចាប់ខ្លួនបាននៅកន្លែងកើតហេតុតែម្តង។លោកអាត់ ខែម ស្នងការនគរបាលខេត្ដបន្ទាយមានជ័យបានបញ្ជាក់ថាក្រោយការសួរនាំជនសង្ស័យដែលតែងខ្លួនធ្វើប្រុសបាននិយាយថាដោយសារតែខ្លួនខូចខិលពេកក៏ត្រូវបានឪពុកម្ដាយដាច់ចិត្ដកាត់កាលបណ្ដេញចេញពីផ្ទះ។ក្រោយពីត្រូវឪពុកម្ដាយបណ្ដេញចេញពីផ្ទះរួចមកដោយគ្មានទីពឹងជននេះបានដើរសុំរស់នៅជាមួយអ្នកជិតខាងនិងមនុស្សស្គាល់គ្នាប៉ុន្ដែដោយធុញថប់និងគិតអ្វីមិនចេញស្រាប់តែបែកគំនិតយកពូថៅរបស់អ្នកជិតខាងក្បែរផ្ទះខ្លួនស្នាក់នៅទៅហៅម៉ូតូឌុបជិះ ចេញពីទីប្រជុំជនយកទៅកន្លែងស្ងាត់ ដើម្បី ប្លន់យកម៉ូតូ តែត្រូវបាន សមត្ថកិច្ចនិងប្រជាពលរដ្ឋជួយអន្ដរាគមន៍ទាន់ពេលវេលា ។ លោកអាត់ខែមបាននិយាយបញ្ជាក់ថាជនសង្ស័យដែលបានធ្វើសកម្មភាពល្មើសមួយនេះគឺដើម្បីបំពេញបញ្ហាក្រពះរបស់ខ្លួនតែប៉ុណ្ណោះ។ហើយម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញផងដែរ។ដោយមានការឯកភាពពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដបន្ទាយមានជ័យ លោកផាន់ ភីរម្យ នគរបាលក្រុងសិរិសោភ័ណ បានបញ្ជូនជននេះទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់