ឧត្តរមានជ័យ៖ ម្ចាស់រថយន្តដឹកឈើផ្ទះចាស់មួយគ្រឿងបានរាយការណ៍ថា គាត់បានស៊ីឈ្នួលដឹកឈើផ្ទះចាស់ចេញពីស្រុកត្រពាំងប្រាសាទឆ្ពោះទៅខេត្តតាកែវ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ RP174 ឆ្លងកាត់ស្រុកអន្លង់វែងនៅវេលាម៉ោង៤ទៀបភ្លឺយប់ថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៥ មកដល់ចំនុចផ្លូវលេខបូកក្នុងភូមិថ្លែងពណ៌ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកដែលមានកម្លាំងសមត្ថកិច្ចចំរុះជំរិតទារលុយពីរូបគាត់ចំនួន៤ពាន់ដុល្លា ។ ពីម៉ោង៤ទៀបភ្លឺរហូតដល់ម៉ោង៩/៣០នាទីព្រឹកថ្ងៃទី៣០ទើបកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រមទទួលយកលុយចំនួន១៤៥០ដុល្លាជាថ្នូរក្នុងការដោះលែងរថយន្ត។ ម្ចាស់រថយន្តដឹកឈើផ្ទះចាស់ត្រូវបានគេស្គាល់ឈ្មោះ ចាន់ ថុល ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិចំបក់ ឃុំអង្កាញ់ ស្រុកត្រាំង ខេត្តតាកែវ បើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ មិនស្គាល់ស្លាកលេខ ដឹកឈើផ្ទះចាស់ចំនួន១២ម៉ែត្រគីប ដែលស៊ីឈ្នួលដឹកអោយគេក្នុងតម្លៃ៣លានរៀល។ នៅយប់ថ្ងៃទី៣០ខែ ឆ្នាំដដែល កម្លាំងគណៈបញ្ជាការឯកភាពស្រុកអន្លង់វែង បានកាក់ស្ទាក់រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿងផ្សេងទៀតដែលមានផ្ទុកវ័ល្លផ្ដៅប្រគល់អោយទៅជំនាញរដ្ឋាបាលព្រៃឈើស្រុកអន្លង់វែង ដោយមិនមានការត្រួតពិនិត្រទៅលើឯកសារពាក់ព័ន្ធធ្វើតាមតែអំពើចិត្តប្រើប្រាស់អំណាចខុសគោលដៅ ដែលធ្វើអោយប្រជាពលរដ្ឋស្លូតត្រង់ដែលប្រកបរបរសុចរិតរងគ្រោះជារៀងរាល់ថ្ងៃ។ ក្រោយពីមានការផ្លាស់ប្ដូរចូលកាន់តំណែងអភិបាលស្រុកអន្លង់វែងថ្មីគេឃើញមានសកម្មភាពកងត្រូលជជុះ ពីសំណាក់ស្ថាប័នពាក់ព័ន្ធនិងកងកម្លាំងគណៈបញ្ជាការឯកភាពស្រុកមានការកើនឡើងនៃភាពអណាធិបតេយ្យដោយមានការឃាត់ទុកនិងគំរាមកំហែងជំរិតទារលុយនៅតាមដងផ្លូវយ៉ាងចាស់ដៃព្រៀបដូចជាក្រុមចោរកម្ម។ ពីព្រោះសកម្មភាពនៃការដឹកជញ្ជូនបទល្មើសព្រៃឈើអត់ច្បាប់កើតមានគក្រឹកគក្រេងជារៀងរាល់ថ្ងៃរបស់មេឈ្មួញបែរជាគ្មានវិធានការបង្ក្រាប រីឯប្រជាពលរដ្ឋគ្មានខ្សែរគ្មានវ័ល្លនាំគ្នាទៅជំរិតធ្វើបាបគ្មានស្រណោះអាសូរ។ លោក ឳជិន វីរៈយុទ្ធ អភិបាលស្រុកអន្លង់វែងបានអោយដឹងតាមទូរស័ព្ទថា ពាក់ព័ន្ធនិងរឿងលុយកាក់ខាងលើគឺលោកបានទទួលពត៌មានដែរ តែមិនទាន់បានបំភ្លឺរព្រោះជាប់ប្រជុំនៅភ្នំពេញហើយនេះជាការព្រមព្រៀងគ្នាបញ្ចប់រឿងនៅនិងកន្លែងអស់ហើយ អញ្ចឹងគ្មានការងារអ្វីត្រូវត្រួតពិនិត្យទៀតទេមានតែត្រួតពិនិត្យក្រុមការងារយើងវិញ។សកម្មភាពទាំងអស់ខាងលើរបស់សាលាស្រុកអន្លង់វែងត្រូវបានគេរិះគន់ថាជាសកម្មភាពចោរកម្មស្របច្បាប់ដែលកើតឡើងតាមរយៈស្ថាប័នមានសមត្ថកិច្ចនិងអាជ្ញារស្រុក៕
ព័ត៌មានជាតិ
មតិយោបល់