(Reuters) – កាលពីថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋអាមេរិក និងបារាំងបានផ្សះផ្សាទំនាក់ទំនង ដោយបារាំងបានយល់ព្រមបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ហើយសេតវិមានបានទទួលស្គាល់ថាខ្លួនបានធ្វើខុសដោយជួយសំរបសំរួលឲ្យអូស្ត្រាលីទិញនាវាមុជទឹកពីសហរដ្ឋអាមេរិក ជំនួសពីប្រទេសបារាំងវិញ ដោយមិនបានពិគ្រោះជាមួយទីក្រុងប៉ារីស។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានសន្ទនាតាមទូរស័ព្ទរយៈពេល ៣០ នាទី បានឲ្យដឹងថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមការពិគ្រោះយោបល់ស៊ីជម្រៅដើម្បីកសាងទំនុកចិត្តឡើងវិញ ហើយនឹងមានជំនួបនៅអឺរ៉ុបនៅចុងខែតុលានេះ។
មន្រ្តីសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាបង្កើនការគាំទ្រដល់ប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងតំបន់ Sahel ដែលធ្វើឡើងដោយបណ្តារដ្ឋនៅអឺរ៉ុប និងបានលើកឡើងថា នេះជាការបន្តគាំទ្រផ្នែកភស្តុភារជាជាងការដាក់ពង្រាយកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក។
ការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីលោក Biden និងលោក Macron គឺជាការប៉ុនប៉ងដើម្បីផ្សះផ្សាទំនាក់ទំនងបន្ទាប់ពីប្រទេសបារាំងបានចោទប្រកាន់សហរដ្ឋអាមេរិកថាបាន ចាក់ខ្លួនពីក្រោយខ្នងនៅពេលដែលអូស្រ្តាលីបោះបង់កិច្ចសន្យាជាទឹកប្រាក់ចំនួន ៤០ ពាន់លានដុល្លារសម្រាប់នាវាមុជទឹករបស់បារាំង ហើយបានជ្រើសរើសយកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលសាងសង់ដោយបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងអង់គ្លេសជំនួសវិញ។
ដោយខឹងសម្បារនឹងកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្រា្តលី បារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Canberra ឲ្យត្រឡប់មកប្រទេសវិញ។
សេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងបារាំងបាននិយាយថា “មេដឹកនាំទាំងពីរបានយល់ស្របថាស្ថានភាពនេះនឹងទទួលបានអត្ថប្រយោជន៍ពីការពិគ្រោះយោបល់ដោយបើកចំហក្នុងចំណោមសម្ព័ន្ធមិត្តស្តីពីបញ្ហាដែលមានផលប្រយោជន៍រួមជាយុទ្ធសាស្ត្រចំពោះប្រទេសបារាំង និងដៃគូអឺរ៉ុប” ៕
មតិយោបល់