កំពង់ធំ៖សកម្មភាពដឹកឈើប្រណិត បានធ្វើចរាចរណ៍ដូចគោហ្វូង តែពុំត្រូវបានសមត្ថកិច្ចមេព្រៃឬស្ថាប័នមានអំណាច ចាត់វិធានការទប់ស្កាត់នោះទេ ជាក់ស្តែងចាប់តាំងពីលោក ហ៊ុន អៀង នាយអធិការដ្ឋបាព្រៃឈើ ខាងជើងបឹងទន្លេសាប មកកាន់អំណាចពុំដែលឃើញចាប់ឈើបានសូម្បីតែមួយដុំ ធ្វើឲ្យមានការរិះគន់ពីមហាជនថា លោកនាយអធិការរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប ប្រហែលជាត្រូវថ្នាំសណ្តំហើយដឹងបានជាពុំមានការបង្ក្រាប។ ទិដ្ឋភាពការដឹកជញ្ជូនបទល្មើសឈើគ្រញូង ត្រូវបានធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ ក្នុងមួយថ្ងៃចាប់ពី ៥ទៅ ១០ឡាន តាមរយះរថយន្តបាឡែន រថយន្តកូរ៉េ និងរថយន្តក្រុង ក្នុងនោះត្រូវបានគេស្គាល់ថា មានលោកអនុសេនីយ៍ឯក យ៉ាំ ប៉ូណា ( ហៅចិន ) ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ និងត្រូវបានលោក មេបញ្ជាការខេត្តប្រគល់តួនាទីខាងរត់ការឈើប្រណិត ដែលឆ្លងកាត់ខេត្តកំពង់ធំ ក្នុងភាគហ៊ុនរបស់លោក ចិន ដែលត្រូវបានគេដាក់ហាសនាមថា ប៉េអ៊ឹមរស់ដោយសាររកស៊ីឈើ នោះមានឈ្មោះ លោក តឿ ដែលត្រូវបានគេស្គាល់ថាជាអធិរាជឈើគ្រញូង ប្រចាំផ្លូវជាតិលេខ៦ កន្លងមកធ្លាប់ដឹកឈើឆ្លងកាត់ខេត្តកំពង់ធំ ហើយសមត្ថកិច្ចចាប់បាន ក៏ឈាន ដល់ការប្រើប្រាស់អាវុធបាញ់ផ្អើលពេញក្រុងស្ទឹងសែន ត្រឹមតែមួយដង្ហើមចង្រិត ជាប់ឃុំមួយយប់រួចដោះលែង ។ ចំណែកលោក អនុសេនីយ៍ឯក យ៉ាំ ប៉ូណា ( ហៅចិន ) បច្ចុប្បន្នពុំបានយកតួនាទីទៅបំរើប្រទេសជាតិនោះទេ បែរជាយក ស្បែកជាអាវុធហត្ថមកបំរើការឲ្យឈ្មួញឈើឈ្មោះតឿ ហើយពុំមានខ្លាចញញើតពីច្បាប់នោះឡើយ ក្នុងនោះដែរ ត្រូវបានគេសង្ស័យថា សមត្ថកិច្ចមួយចំនួន ដែលត្រូវបានថ្នាំសណ្តំលោក (ចិន) មានសភាពស្ងប់ស្ងាត់គេងអង្រឹងចាំទទួលលុយ ចំណែកអ្នកដែលពុំបានទទួលលាភស្ការៈពីលោក ចិន ប៉េអ៊ឹមឈើ មានការក្តៅក្រហាយ ដោយសារតែលោកចិន គិតគូរតែថ្នាក់លើ ថា្នក់ក្រោមមើលរំលង ។ចំណែកលោក ហ៊ុន អៀង នាយអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ពុំអាចធ្វើការទំនាក់ទំនងបានទេ តែបើចង់ជួបលោក វាពិបាកជាជាងទៅសុំភ្លើងយក្សទៅទៀត និងធ្វើឲ្យមានការរិះគន់ថា ឋានៈត្រឹមអ្នកកាសែត និងមន្ត្រីរាជការ កំប៉ិកកំប៉ុកគ្មានវាសនានឹងបានចូលជួបលោកទេ សូម្បីតែទូរស័ព្ទក៏មិនខ្ចីលើកដែរ ទើបបណ្តាលឲ្យពុំអាចសុំការ បំភ្លឺជុំវិញការបណ្តែតបណ្តោយឲ្យមានចរាចរណ៍ឈើដូចគោហ្វូង ។ ពាក់ព័ន្ឋទៅនឹងបញ្ហាចោទប្រកាន់ថា លោក អនុសេនីយ៍ឯក យ៉ាំ ប៉ូណា ( ហៅចិន ) ប៉េអ៊ឹមរស់ដោយសាររកស៊ីឈើនេះ ពុំអាចទំនាក់ទំនងបានទេ ដូច្នេះមហាជនបានសំណូមពរទៅឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពិចារណា និងស៊ើបអង្កេតលើករណីសកម្មភាព និងទង្វើរបស់លោក ចិន នាពេលបច្ចុប្បន្នដើម្បីកុំឲ្យមន្ត្រីមួយចំនួនទៀត យកគំរូតាម ៕
ព័ត៌មានជាតិ
មតិយោបល់