ព័ត៌មានជាតិ

ទូរទស្សន៍​សង្គ្រោះ​ជាតិ ​ឬ​ព្រះ​អាទិត្យ​ នឹង​​រះ​ក្នុង​ឆ្នាំ​នេះ​

ភ្នំពេញ៖ យោងតាម Facebook Page របស់លោក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា មានក្រុមហ៊ុនឯកជនមួយ​បាន​​សហការជាមួយនឹង​គណបក្សសង្គ្រោះជាតិ ដោយបាននឹងកំពុងតែរៀបចំទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ត្រៀមការចាប់ផ្ដើម​ដំណើរការ​ផ្សាយ «ទូរទស្សន៍ ព្រះអាទិត្យ ឬ ទូរទស្សន៍សង្គ្រោះជាតិ» នៅក្នុងឆ្នាំនេះ។

នៅលើ Facebook Page របស់លោក លោក សម រង្ស៊ី បាន​សរសេរថា «យើងទើបតែបានទទួលដំណឹងថា ក្រុមហ៊ុនទូរទស្សន៍ឯកជនមួយដែល​មាន​សមានចិត្តចំពោះគណបក្សសង្គ្រោះជាតិ ហើយដែលបានទទួលអាជ្ញាបណ្ណ ពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយកម្មវិធីទូរទស្សន៍កំពុង​ត្រៀម​លក្ខណៈ​ទាំងផ្នែកបច្ចេកទេស ទាំងផ្នែកហិរញ្ញវត្ថុ ដើម្បីចាប់ផ្តើមដំណើរការ ក្នុងឆ្នាំ ២០១៥ នេះ។ ស្ថានីយ៍ទូរទស្សន៍ថ្មីនេះដែលប្រជា​រាស្រ្ត​ខ្មែរ​រង់​ចាំយូរមកហើយ ហើយដែលអាចមានឈ្មោះថា “ទូរទស្សន៍ ព្រះអាទិត្យ” ក៏ជាលទ្ធផលមួយទៀត នៃវប្បធម៌សន្ទនា បន្ទាប់ពីការបង្កើត គ.ជ.ប.ថ្មី​មួយ ដែលយើងអាចជឿទុកចិត្តបាន ដើម្បីរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅឆ្នាំ ២០១៧ និង ២០១៨ហើយ​បន្ទាប់​ពី​ការ​ដោះលែង​ពីពន្ធនាគារ នូវសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងសកម្មជនគណបក្សសង្រ្គោះជាតិដែលត្រូវបា​ន​អាជ្ញាធរចាប់យកទៅឃុំឃាំងពាក់​ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​នយោបាយផ្សេងៗ ក្រោយពីការបោះឆ្នោត ថ្ងៃ ២៨ កក្កដា ២០១៣»៕

CNRP TV

មតិយោបល់