យោងតាមការបង្ហោះព័ត៌មាននៅលើ Facebook Page របស់លោក Jan Koum សហស្ថាបនិក និងជានាយកប្រតិបត្តិ WhatsApp បានឲ្យដឹងថា នៅពេលនេះ ចំនួនអ្នកប្រើ WhatsApp បានកើនឡើងដល់ ៨០០លាននាក់ ជារៀងរាល់ថ្ងៃ ហើយអាចនឹងឈានដល់ ១ពាន់លាននាក់នៅចុងឆ្នាំ។
សារព័ត៌មាន Wall Street Journal បានចុះផ្សាយថា លោក Jan Koum បានបង្ហោះថាកាលពីថ្មីៗនេះ ដោយបានបញ្ជាក់ថា ចំនួនអ្នកប្រើប្រាស់បានកើនឡើង ១០០លាននាក់ ជារៀងរាល់ ៤ខែម្ដង ពោលគឺចាប់តាំងពីខែសីហា ឆ្នាំ ២០១៤ ដែលកាលនោះមានត្រឹមតែ ៦០០លាននាក់ ហើយកាលពីខែមករា ឆ្នាំ ២០១៥ មានចំនួន ៧០០លាននាក់។
គួរបញ្ជាក់ផងដែរថា WhatsApp ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៩ ដោយអតីតបុគ្គលិកក្រុមហ៊ុន Yahoo ចំនួនពីររូបគឺលោក Brian Acton និង Jan Koum ហើយក្រោយមកនៅខែកុម្ភៈឆ្នាំ ២០១៤ ក៏ត្រូវបាន Facebook ទិញយកក្នុងតម្លៃ១៩ពាន់លានដុល្លារអាមេរិក ដោយគិតទាំងពន្ធ មានតម្លៃរហូតដល់ជាង ២២ពាន់លានដុល្លារអាមេរិក៕
មតិយោបល់