ព័ត៌មានជាតិ

គន្លឹះ​អស្ចារ្យ ១០​យ៉ាង ការពារ​ស្បែក​មិន​ឲ្យ​ចាស់​ជ្រីវជ្រួញ​មុន​អាយុ​

​តើ​អ្នក​ចង់​ដឹង​ពី​តិច​និច​ការពារ​ស្បែក​ឲ្យ​ជៀសផុត​ពី​ភាព​ចាស់​ជ្រីវជ្រួញ​ដែរ​ទេ​? ជាដំបូង​ត្រូវ​ចេះ​ស្រឡាញ់​ស្បែក​របស់ខ្លួន​, ផ្តល់​ការយកចិត្តទុកដាក់​ចំពោះ​ស្បែក និង​អ្នក​ត្រូវ​ផ្តល់​ភាព​ថ្នាក់ថ្នម​ដល់​ស្បែក​របស់​អ្នក​។ ទាំង​អាហារ និង​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការកំណត់​ភាព​វ័យក្មេង​របស់​អ្នក​។ កត្តាបរិស្ថាន​ជុំវិញ​ដូចជា អាកាសធាតុ និង​សារធាតុពុល​ក៏​ដើរ​តួនាទី​សំខាន់​ផង​ដែរ ប៉ុន្តែ​ប្រសិនបើ​អ្នក​ដឹង​ពី​របៀប​ការពារ​ស្បែក​របស់​អ្នក នោះ​អ្នក​អាច​គេចផុត​ពី​ការបំផ្លាញ​នៃ​កត្តា​ទាំងអស់​ខាងលើ​បាន​។​

mean sonita

​ការ​ខូច​ស្បែក​សម្តែង​ចេញ​នូវ​លក្ខណៈ​ជាក់លាក់ រួមមាន​៖ ភាព​ជ្រីវជ្រួញ​, ភាព​ស្ងួត​, ស្បែក​យារ​ធ្លាក់​, ស្បែក​ឡើង​រឹង​…​។ តាម​ការសិក្សា​បានបង្ហាញ​ថា ផ្ទៃមុខ​របស់​មនុស្ស​ងាយ​ឆាប់​ចាស់​ជាងគេ​។ នៅ​ពេល​អ្នក​នៅ​ក្នុង​កំឡុង​អាយុ​វ័យ ៣៥ ទៅ​៥០ ឆ្នាំ ស្បែក​របស់​អ្នក​នឹង​ត្រូវ​ការការពា​រ​ច្រើន ព្រោះ​ខ្លួនប្រាណ​របស់​អ្នក​ចាប់ផ្តើម​ចាស់​ក្នុង​កំឡុង​ពេល​នោះ​។ ដូច្នេះ អនុវត្ត​តិច​និច​ខាងក្រោម ដើម្បី​ការពារ​ភាព​ចាស់​ជ្រីវជ្រួញ និង​ដើម្បី​ការពារ​ស្បែក​របស់​អ្នក​ឲ្យបាន​ច្រើនឡើង​៖

០១) កម្តៅ​ព្រះអាទិត្យ​
​កម្តៅ​ព្រះអាទិត្យ​ជា​សត្រូវ​ទី​១ ធ្វើឲ្យ​ស្បែក​ឆាប់​ចាស់​។ ការធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ប៉ះ​នឹង​កាំរស្មី UV ច្រើន អាច​សម្លាប់ស្បែក​របស់​អ្នក​បាន​លឿន​។ អ្នកជំនាញ​ជាច្រើន​បាន​ណែនាំ​ឲ្យប្រើ​ក្រែមការពារ​កម្តៅ​ព្រះអាទិត្យ​។ ការ​លាប​ក្រែមការពារ​កម្តៅ​ព្រះអាទិត្យ សូម្បីតែ​នៅ​ពេល​មេឃ​ស្រទុំ​ក៏ដោយ នឹង​អាចជួយ​ការពារ​ស្បែក​របស់​អ្នក​បាន​យ៉ាង​ពិតប្រាកដ​។​

០២) ទទួលទាន​ផ្លែឈើ និង​បន្លែ​
​ផ្លែឈើ​ស្រស់ និង​បន្លែ​សុទ្ធតែ​ជា​តម្រូវការ​របស់​ស្បែក​។ វីតាមីន​, សារធាតុ​ខនិជ និង​សារធាតុចិញ្ចឹម ជួយ​ថែរក្សា​ស្បែក​របស់​អ្នក​ឲ្យមាន​សុខភាព​ល្អ​។ របស់​ទាំងអស់នេះ​អាច​ជួយ​ការពារ​ស្បែក និង​ភាព​ចាស់​របស់​អ្នក​បាន​គ្រប់​ដំណាក់កាល​ទាំងអស់​។ នេះ​ជា​តិច​និច​មួយ​ដើម្បី​ការពារ​ភាព​ចាស់​។​

០៣) បញ្ឈប់​ទម្លាប់​អាក្រក់​
​ត្រូវ​បញ្ឈប់​ការជក់បារី ប្រសិនបើ​អ្នក​មាន​ទម្លាប់​បែបនេះ​។ បារី​អាច​បំផ្លាញ​សរីរាង្គ​ទាំងអស់​នៅក្នុង​រាងកាយ​របស់​អ្នក រួម​ទាំង​ស្បែក​របស់​អ្នក​។ ស្បែក​របស់​អ្នកនឹង​ឆាប់​ជ្រីវជ្រួញ នៅ​ពេល​អ្នក​មាន​ទម្លាប់​នេះ​។ ស្បែក​របស់​អ្នកនឹង​ស្ងួត ហើយ​កំសួល​ក្លិន​មាត់​នឹង​ធ្វើឲ្យ​ជុំវិញ​មាត់របស់​អ្នក​មាន​ភាព​ជ្រីវជ្រួញ​។​

០៤) បញ្ឈប់​ការ​ទទួលទាន​គ្រឿង​ស្រវឹង​
​ការបាត់បង់​ជាតិ​ទឹកជា​សត្រូវ​ដ៏​ធំ​មួយ​របស់​ស្បែក​។ ហើយ​នេះ​ជា​អ្វី​ដែល​គ្រឿង​ស្រវឹង​បាន​ធ្វើ​ចំពោះ​ស្បែក​របស់​អ្នក​។ គ្រឿង​ស្រវឹង​បាន​ទៅ​បំផ្លាញ​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​ស្បែក​របស់​អ្នក​។​

០៥) ភាព​តានតឹង​ក្នុង​ចិត្ត​
​ភាព​តានតឹង​ធ្វើឲ្យ​ប៉ះពាល់​អាក្រក់​ដល់​សុខភាព​។ ប៉ុន្តែ​វា​ក៏​អាច​ប៉ះពាល់​យ៉ាង​ធំ​ដល់​ស្បែក​របស់​អ្នក​ផងដែរ​។ នៅ​ពេល​អ្នក​មាន​ភាព​តានតឹង រាងកាយ​របស់​អ្នកនឹង​ផលិត​សារធាតុ​មួយ​ហៅថា ក​ទី​សូ​ល​។ សារធាតុ​ក​ទី​សូល​នេះ​ធ្វើឲ្យ​អ្នកឡើង​កម្រិតជាតិស្ករ​ក្នុងឈាម​។ វា​មិន​ល្អ​សម្រាប់​ស្បែក​របស់​អ្នក​ឡើយ​។​

០៦) គេង​ឲ្យបាន​គ្រប់គ្រាន់​
​ប្រសិនបើ​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​ទេ​នោះ អ្នក​នឹង​មាន​ស្នាម​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក​របស់​អ្នក ហើយ​ប្រសិនបើ​អ្នក​នៅ​តែ​បន្ត​ទម្លាប់​បែបនេះ​ទៀត អ្នក​នឹង​មាន​ក្តក់​ស្នាម​ខ្មៅ​នៅ​ខាងក្រោម​ភ្នែក​របស់​អ្នក​។ ហើយ​ស្បែក​របស់​អ្នកនឹង​ស្រអាប់ ស្លេកស្លាំង​នៅ​ពេល​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​។​

០៧) នៅ​ស្ងៀម ដោយ​មិន​ធ្វើ​អ្វី​
​ការ​ឲ្យ​រាងកា​យមាន​សកម្មភាព ពិតជា​ល្អ​សម្រាប់​សុខភាព ក៏​ដូចជា​សុខភាព​ស្បែក​របស់​អ្នក​ផងដែរ​។ ដូច្នេះ ត្រូវ​ប្រាកដថា អ្នក​មិន​ត្រូវ​នៅ​ស្ងៀម​ដោយ​មិន​ធ្វើ​អ្វី​សោះ​នោះ​ឡើយ ប្រសិនបើ​អ្នក​ចង់​បាន​ស្បែក​ក្មេង​ជាង​វ័យ​។​

០៨) ការបង្ហាញ​ទឹកមុខ​
​មនុស្ស​ភាគច្រើន​មិនទាន់​បាន​ដឹង​ពី​ការពិត​ទេ​ថា ការបង្ហាញ​ទឹកមុខ​អាច​ជា​មូលហេតុ​ធ្វើឲ្យ​ស្បែក​ជ្រីវជ្រួញ​។ ប្រសិនបើ​អ្នក​ជ្រួញ​ចិញ្ចើម​ញឹកញាប់ នោះ​អ្នកនឹង​ឃើញ​មាន​ស្នាម​ជ្រួញ​នៅលើ​ផ្ទៃ​មុខ​របស់​អ្នក ដែល​ធ្វើឲ្យ​អ្នក​មើល​ទៅ​ចាស់​។​

០៩) ប្រេង​ល្ង​
​គួរ​មាន​ទម្លាប់​មួយ​ដោយ​ការ​ម៉ាស្សា​ស្បែក​របស់​អ្នក​ជាមួយនឹង​ប្រេងល្ង​។ វា​ជួយ​រក្សា​ស្បែក​របស់​អ្នកឲ្យមាន​ភាព​ក្មេង​ជាង​វ័យ ហើយ​ក៏​ជួយ​សម្អាត​កោសិកា​ស្បែក​ងាប់​ផងដែរ​។ កោសិកា​ស្បែក​ថ្មី​នឹង​ឆាប់​លូតលាស់​។​

១០) គេច​ចេញ​ឲ្យ​ឆ្ងាយ​ពី​ស្ករស​
​គេ​និយាយថា ស្ករស​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ធ្វើឲ្យ​មាន​ភាពចាស់​ជ្រីវជ្រួញ​។ ចៀសវាង​ការប្រើ​ស្ករស និង​ផលិតផល​ដែល​មាន​ផ្ទុក​ស្ករស​៕​

មតិយោបល់