កំពង់ធំ៖ មហាជនបានធ្វើការិះគន់ ដល់អាជ្ញាធរក្រុងស្ទឹងសែន យ៉ាងចាស់ដៃ ដោយសារតែគ្មានលទ្ធភាពក្នុងការទប់ ស្កាត់ក្មេងហិតកាវ យ៉ាងពពាក់ពពូននៅទីប្រជុំជន មុខផ្សារកំពង់ធំ ជាប់ផ្លូវជាតិលេខ៦ ដែលជាការបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ និងចូលពិសារអាហារនៅមុខផ្សារកំពង់ធំ ក៏តែងតែជួបប្រទះនូវក្មេងហិតកាវ អង្គុយត្រៀបត្រា នៅត្រង់រូបសំណាក់នាគបាញ់ទឹក ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ប្រជាពលរដ្ឋម្នាក់បានសុំមិនឲ្យបញ្ជេញឈ្មោះ បានធ្វើដំណើរឆ្លងកាត់ បានរអ៊ូរទាំថា មិនគួរណាអាជ្ញាធរក្រុងស្ទឹងសែន បណ្តែតបណ្តោយឲ្យមានក្មេងហិតកាវ ទាំងហ្វូងហិតនៅកណ្តាលវាលដូច្នេះឡើយ វាពិតជារូបភាពអាក្រក់ណាស់ ហើយបើមិនខ្មាស់អ្នកស្រុកគ្នាឯង ក៏គួរតែខ្មាសអ្នកធ្វើដំណើរឆ្លងកាត់ ខេត្តកំពង់ធំដែរ ម្យ៉ាងទៀតវាពិបាកនឹងទ្រាំមើល សកម្មភាពហិតកាវជាជួរបែបនេះណាស់ មិនតែប៉ុណ្ណោះវាពិតជាពុំមានសុវត្តិភាពចំពោះទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែល មកពិសារអាហារទីនេះ ។សមត្ថកិច្ចប៉ូលិសនៃប៉ុស្តិ៍រដ្ឋបាលកំពង់ធំ បានឲ្យដឹងថា គាត់អស់ពាក្យនិយាយហើយ និងគ្មានវិធីសាស្ត្រណាអាច លុប បំបាត់ក្មេងហិតកាវនៅខេត្តកំពង់ធំនេះណាស់ ដោយសារកន្លងមកធ្លាប់ចាប់យកទៅផ្ញើរនៅអង្គការ និងមណ្ឌលកែប្រែ និងត្រូវចំណាយថវិការយ៉ាងច្រើន តែទីបំផុតក្មេងទាំងនេះ វិលមកវិញដដែល រហូតមកដល់ពេលនេះ ក៏គ្មានទីជំរើស និងចាប់ពួកក្មេងទាំងនេះយកទៅទុកនៅទីណានោះទេ បើម្នាក់ចង់ចូលគុកដោយខ្ជិលធ្វើការ តែទោសកំហុសក្មេងហិតកាវទាំងនេះវាគ្មានដល់ថ្នាក់ជាប់គុកទៀត ដូច្នេះក្នុងនាមជាសមត្ថកិច្ច សូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងអង្គការ ក្រៅរដ្ឋាភិបាល មេត្តាជួយយកក្មេងទាំងនេះទៅអប់រំផង។ លោក វរៈសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន បានបញ្ជាឲ្យប៉ុស្តិ៍រដ្ឋបាល ប្រមូលក្មេងហិតកាវទាំងនេះ មកធ្វើការអប់រំនិងណែនាំ ដើម្បីកុំឲ្យមានធ្វើសកម្មភាព ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ សង្គម និងជារូបភាពមិន ល្អដល់ខេត្តកំពង់ធំ និងចាត់វិធានការដាច់ខាត មិនឲ្យមានក្មេងហិតកាវ ធ្វើសកម្មភាពលើផ្លូវសារធារណៈបន្តទៀត លោកបានបន្តថា កន្លងមកបានឃាត់ខ្លួនជនប្រព្រឹត្តហិតកាវ ទៅផ្ញើរទុកនៅមណ្ឌលកែប្រែចំនួន២នាក់រួចមកហើយ ។ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរខេត្តកំពង់ធំ មេត្តាជួយលុបបំបាត់ សកម្មភាពហិតកាវនៅទីសារធារណៈ ដើម្បីឲ្យសមនឹងការអប់អរសារទរ ទទួលជ័យលាភី រំដួល២ទង ស្តីពីទីក្រុងស្អាត និងកុំឲ្យមានការរិះគន់ពីសំណាក់មហាជនទៅលើថ្នាក់ដឹកនាំគ្មានចំណាត់ការ ទប់ស្កាត់៕
ព័ត៌មានជាតិ
មតិយោបល់