ព័ត៌មានជាតិ

ថៃ​គ្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​

​កាសែត The Nation បាន រាយការណ៍​ថា នាយករដ្ឋមន្ដ្រី​ថៃ លោក​ឧត្ដមសេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​អញ្ជើញ​វិស័យ​ឯកជន​ឲ្យ​កសាង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន និង​ចម្ងាយ​ខ្លី​នៅ​កន្លែង​ដែល​មាន​ការទាក់ទាញ​នៅ​ជិត​ទីក្រុង​បាងកក ដើម្បី​សម្រួល​ដល់​វិស័យ​ទេសចរណ៍​។​លោក ប្រា​យុទ្ធ និយាយថា រដ្ឋាភិបាល​នឹង​ផ្ដល់​ការគាំទ្រ​នៅក្នុង​ក្របខណ្ឌ​នៃ​ការទទួល​បាន​ដី​ដើម្បី សាងសង់​ជាមួយនឹង​គ្រឿង​លើក​ទឹកចិ​ត្ដ​ដោយ​បង់ពន្ធ និង​មិន​បង់ពន្ធ ប្រហាក់ប្រហែល​នឹង​គំរូ​ដៃគូ​សាធារណៈ និង​ឯកជន​ជប៉ុន​។ អាល្លឺម៉ង់ ត្រូវបាន​គេ​ជឿថា បាន​បង្ហាញ​នូវ​ការចាប់អារម្មណ៍​នៅក្នុង​ការវិនិយោគ​ផ្លូវ​រថភ្លើង នេះ​។ ផ្លូវដែក ដែល​ត្រូវបាន​ចាត់ទុក​ថា សម្រាប់​គម្រោង​រថភ្លើង​ល្បឿន​លឿន​នេះ គឺ​ភ្ជាប់​រវាង​ទីក្រុង​បាងកក​-​ប៉ា​តា​យ៉ា និង​បាងកក​-​ហួ ហ៊ី​ន​។ លោក​ប្រា​យុទ្ធ បាន​បន្ដថា តម្លៃ លក្ខខណ្ឌ​នានា ផែនការ​ផ្ដល់​មូលនិធិ និង​ការសាងសង់​ជាមួយ​លទ្ធភាព​គ្រឿង​លើក​ទឹកចិត្ដ អាច​ត្រូវ​បាន​ស្នើ​ដោយ​វិស័យ​ឯកជន ហើយ​រដ្ឋាភិបាល​មាន​បំណង​ដើម្បី​ពិភាក្សា​ជាមួយ​អ្នក​ណា​ក៏​ដោយ​អំពី​បញ្ហា នេះ​។​
d61
លោក​ប្រា​យុទ្ធ បាន​បន្ថែមថា គណៈកម្មការ​វិនិយោគ (BOI) បាន​ពិភាក្សា គ្នា​នៅ​ថ្ងៃ​សុក្រ អំពី​លទ្ធភាព​នៃ​ការវិនិយោគ នៅក្នុង​បញ្ហា​រថភ្លើង​ល្បឿន​លឿន​នេះ ដើម្បី​គាំទ្រ​វិស័យ​ទេសចរណ៍​។ លោក​ប្រា​យុទ្ធ បានបញ្ជាក់​ថា ការវិនិយោគ នឹង​មាន​លក្ខណៈ​ជា​ដៃគូ​សាធារណៈ និង​ឯកជន ដោយសារ​មាន​ក្រុមហ៊ុន​ផ្ដល់​មូលនិធិ​ល្អ​ជាច្រើន​ដែល​អាច​មាន​លទ្ធភាព គ្រប់គ្រាន់​នៅ​ក្នុង​ការវិនិយោគ​បែបនេះ ហើយ​រដ្ឋាភិបាល​អាច​ផ្ដល់​ដី​សម្រាប់​ការរកស៊ី​ផ្សងព្រេង​នេះ​។ លោកនាយក​រដ្ឋមន្ដ្រី បាន​និយាយ​ដូច្នេះ បន្ទាប់ពី​ធ្វើ​ជា​អធិបតី​នៃ​កិច្ចប្រជុំ​លើក​ដំបូង​របស់ BOI នៅក្នុង​ឆ្នាំ នេះ​។ លោក​ប្រា​យុទ្ធ បាន​បន្ដទៀតថា គម្រោង​ប្រហាក់ប្រហែលគ្នា​នេះ​នៅ​ប្រទេស​ជប៉ុន សម្រាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ប្រវែង​៧០០​គីឡូម៉ែត្រ មាន​តម្លៃ​ប្រហែល​៤០០​ពាន់​លាន​បាត​។​

​លោក ប្រា​យុទ្ធ បាន​បន្ថែមទៀតថា រដ្ឋាភិបាល​នឹង​ផ្ដល់​ដី​ដែល​កាន់កាប់​រួច​ហើយ​ដោយ​ផ្លូវដែក​រដ្ឋ​ប្រទេស​ថៃ សម្រាប់​ការវិនិយោគ​បែបនេះ​។ យ៉ាងណាក៏ដោយ ក៏​ការសាងសង់​នូវ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ ដែល​តម្រូវ​ឲ្យ​សាងសង់​ផ្លូវ​ត្រង់នោះ​អាច​តម្រូវ​ឲ្យ​រដ្ឋាភិបាល​រឹ​ប​អូស យក​ដី និង​ផ្ដល់​នូវ​សំណង់​ប៉ះប៉ូវ​ដល់​ប្រជាជន​ដែល​អាច​ប៉ះពាល់​នៅក្នុង​ដំណើរ ការ​នេះ​នោះ​។​លោក ចា​ក្រា​ម៉ុន ផា​ស៊ូ​កា​វ៉ា​និច រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​បាន​និយាយថា ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​ប្រទេស​ថៃ បាន​បង្ហើប​ប្រាប់​លោក​នៅ​សប្ដាហ៍​នេះ​ថា ក្រុមហ៊ុន Siemens AG បានបង្ហាញ នូវ​ការចាប់អារម្មណ៍​នៅក្នុង​គម្រោង​នេះ ដោយសារ​ពួកគេ​មាន​បទពិសោធន៍​យ៉ាងខ្លាំង​នៅក្នុង​ការកសាង​ផ្លូវដែក ល្បឿន​លឿន​នេះ​។​ផ្លូវ​ដែក​ដែល​ត្រូវបាន​ពិភាក្សា​នោះ​គឺ​ផ្លូវ​ពី​បាងកក​ទៅ​ហួ​ហ៊ីន កាត់​តាម​ខេត្ដ​ផេត​ចាប៊ូ​រី​។ លោក​ជឿថា ផ្លូវ​បាងកក​-​ប៉ា​តា​យ៉ា នឹង​ត្រូវ​ធ្វើ​ការសិក្សា​ថែម​ទៀត ដោយសារ​វា​ត្រូវ​ឆ្លងកាត់​ស្រុក​ស្រ៊ី​រ៉ា​ចា និង​កំពង់ផែ​ល្អែម​ចាបាង នៅ​មុន​ដល់​ប៉ា​តា​យ៉ា និង​អាច​ពង្រីក​ដល់​ម៉ាប់​តា​ភូត នៅក្នុង​អនាគត​៕​

មតិយោបល់