ព្រះសីហនុ៖ កាលពីថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៥ កងរាជអាវុធហត្ថខេត្តព្រះសីហនុបានបញ្ជូនខ្លួនជនសង្ស័យចំនួនពីរនាក់ ម្នាក់ជាជនជាតិរុស្ស៊ី និងម្នាក់ទៀតជាស្រីជាជនជាតិខ្មែរទៅសាលាដំបូងខេត្តព្រះសីហនុ ពីបទឆបោកពេជ្រក្លែងក្លាយ លោកវរសេនីយត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាន ឲ្យដឹងថា ដោយបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ មុំ ចិន្តា ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរលក់មាស មានទីលំនៅក្រុម២០ ភូមិ២ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ។ ជនសង្ស័យជនជាតិរុស្ស៊ី និងបក្សពូកពីរនាក់ទៀត បានធ្វើសកម្មភាពយកពេជ្រក្លែងក្លាយចំនួន០២លើក រូចមកហើយ ដោយលើកទី១ កាលពីថ្ងៃទី៣ ខែមេសា ដោយបានយកពេជ្រទំហំ១ ការ៉ាត មានតម្លៃ ៧៣០០ដុល្លាអាមេរិក និងលើកទី២ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៥ បានយកពេជ្រទំហំ ២.៥២ការ៉ាត លក់ក្នុងតម្លៃ ២០០០ដុល្លាអាមេរិក ទៅជនរងគ្រោះឈ្មោះ សយ សុផា ភេទស្រី រស់នៅរាជធានីភ្នំពេញ ។ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង១៤ នៅចំណុចផ្សារលើ ស្ថិតនៅតូបលេខ៧៥ ក្រុម១ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ដែលកំពុងធ្វើសកម្មភាព ជនសង្ស័យទី១ ជាជនជាតិរុស្ស៊ី ឈ្មោះ វ៉ាញ៉េ ភេទប្រុស អាយុ ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្នសណ្ឋាគារផាលេស រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ ១៤០៤០៧៤៩ និងជនសង្ស័យទី២ មានឈ្មោះ ទោប ផល្លី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាបុគ្គលិកក្រុមហ៊ុនប្រឹក្សាវិនិយោគ មានទីលំនៅផ្ទះលេខ៣៨ ផ្លូវលេខ២៤២ ក្រុម១៣ សង្កាត់ទួលតាឯក ខេត្តបាត់ដំបង ។ លោកវរសេនីយត្រី ហេង ប៊ុនទី បានបន្តឲ្យដឹងទៀតថា ជនសង្ស័យជនជាតិរុស្ស៊ី និងស្រីជនជាតិខ្មែរត្រូវបានធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕
ព័ត៌មានជាតិ
មតិយោបល់