ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានអះអាងថា បរិមាណផលស្រូវសរុបសម្រាប់ការបង្កបង្កើនផលស្រូវក្នុងឆ្នាំ ២០១៥ នេះត្រូវបានរំពឹងថា នឹងកើនឡើងប្រមាណ ៣ភាគរយ ដោយសារតែកត្ដាអាកាសធាតុមានអំណោយផលល្អ និងទឹកភ្លៀងធ្លាក់គ្រប់គ្រាន់នៅដើមរដូវវស្សានេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AKP ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៥ ម្សិលមិញ។
មន្ដ្រីជំនាញកសិកម្មផ្នែកដំណាំស្រូវបានបញ្ជាក់ថា ជាទិសដៅ និងផែនការ ក្រៅពីការបង្កើនផ្ទៃដីដាំដុះ ក្រសួងនឹងខិតខំបង្កើនទិន្នផលស្រូវ ដែលបច្ចុប្បន្ននេះជាមធ្យមទទួលបាន៣តោន ក្នុងមួយហិកតាឱ្យកើនដល់៤,៥ តោន។
ជាមួយគ្នានោះ លោក យ៉ង់ សាំងកុមារ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍកសិកម្មកម្ពុជា (សេដាក) បានលើកឡើងថា តាមការព្យាករណ៍របស់សេដាកក៏នឹងរំពឹងទុកថា បរិមាណ ផលស្រូវនៅក្នុងឆ្នាំ២០១៥នេះ មានភាពល្អប្រសើរជាងឆ្នាំ២០១៤កន្លងមក ប៉ុន្ដែកត្ដាទឹកភ្លៀងគឺជាផ្នែកមួយប៉ុណ្ណោះ ហើយអ្វីដែលសំខាន់ក្រសួងកសិកម្ម ត្រូវ គិតគូរអំពីការស្ដារប្រឡាយ និងប្រព័ន្ធធារាសាស្ដ្រ ដើម្បីរក្សាទុកទឹកភ្លៀងឱ្យ បានល្អពិសេសការជួសជុលស្ដារឡើងវិញ និងការគ្រប់គ្រងទឹកសម្រាប់ទុកឱ្យ កសិករធ្វើស្រែនៅរដូវប្រាំងបានបន្ដទៀត ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្មបានឱ្យដឹងថា ការ ប្រមូលផលស្រូវសរុបកាលពីឆ្នាំ២០១៤ បានចំនួន៩,៣២លានតោន បើប្រៀប ធៀបនៅឆ្នាំ២០១៣ គឺទទួលបានទិន្នផលស្រូវ៩,៣៨លានតោន ពោលគឺមាន ការថយចុះប្រមាណ០,៧ ភាគរយ៕
ព័ត៌មានជាតិ
មតិយោបល់