បាត់ដំបង៖ ជនរងគ្រោះម្នាក់ដែលជាអ្នកស៊ីឈ្នួលភ្ជួរចំការ ត្រូវត្រាក់ទ័ររបស់ខ្លួនឯងរអិលកិនចំក្បាលស្លាប់ភ្លាមៗមួយរំពេចន៍ ត្រង់ចំនុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាថ្ងៃទី 2-5-15 វេលាម៉ោង 7 ព្រឹក ខណ:ដែលយុវជនរូបនេះបានចតត្រាក់ទ័រចំដីចំណោត ហើយចុះទៅចងធុងទឹកក៏ត្រូវត្រាក់ទ័ររអិលកិនចំក្បាលតែម្តង។ លោកអធិការសុង សុភ័ក្ត្រ បានលើកឡើងថា នៅមុនពេលកើតហេតុ គឺមានយុវជនម្នាក់ ឈ្មោះអេន ទន់អី អាយុ 18 ឆ្នាំ រស់នៅភូមិបេងស្អាត ឃុំភ្នំព្រឹក មានមុខរបរជាអ្នកស៊ីឈ្នួលភ្ជួរដីចំការ អោយគេ។នៅពេលនោះគេបានឈប់សំចតត្រាក់ទ័រត្រង់ដីជំរាល ដោយគេបានរៀបចំចងធុងទឹក ពេលនោះស្រាប់តែត្រាក់ទ័ររបស់គេដែលគេមិនបានពន្លត់ម៉ាស៊ីន បានរុលទៅមុខដោយខ្លួនឯង ឃើញបែបនេះគេក៏បានស្ទុះទៅយកដៃសង្កត់ហ្វ្រាំងតែបែរជាផ្លាតជើងដួលនៅចំពីមុខកង់ទើបធ្វើអោយកង់ត្រាក់ទ័រកិនចំក្បាលបែកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនោះតែម្តង។ លោកអធិការបានបន្តថា ដោយសារដីមានសភាពជំរាលដូច្នេះត្រាក់ទ័រមិនត្រឹមតែកិនម្ចាស់វា ប៉ុណ្ណោះទេថែមទាំងជ្រុលទៅបុកទំលុះជញ្ជាំងផ្ទះរបស់ឈ្មោះឈៀង ចិត្ត អាយុ 24 ឆ្នាំ ខ្ទេចអស់ផ្ទះមួយចំហៀងថែមទៀតទើបបញ្ឈប់ការរអិលនេះ។ទាំងនេះគឺជាការធ្វេសប្រហែសមួយយ៉ាងខ្លាំងរបស់ជនរងគ្រោះ ដោយសារតែការឈប់សំចត យានយន្តខ្វះការប្រុងប្រយ័ត្ន គឺគេឈប់ចំដីដែលមានសភាពជំរាល ហើយថែមទាំងមិនបានពន្លត់ម៉ាស៊ីនត្រាក់ទ័រនោះថែមទៀត។ប៉ុន្តែក្រោយពេលកើតហេតុ នៅពេលដែលសមត្ថកិច្ចចុះទៅត្រួតពិនិត្យគឺជនរងគ្រោះពិតជាត្រូវត្រាក់ទ័ររបស់ខ្លួនកិនចំខ្លួនឯងមែន ទើបសមត្ថកិច្ចធ្វើការប្រគល់ត្រាក់ទ័រនិងសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋដែលរងនូវការខូចខាតនោះសមត្ថកិច្ចនិងហៅខាងក្រុមគ្រួសារសពទៅនិយាយគ្នាជាមួយនឹងម្ចាស់ផ្ទះតាមក្រោយ ព្រោះធ្វើម៉េចបើវាជារឿងអចេតនារហូតដល់ស្លាប់ខ្លួនឯងថែមទៀតផងនោះ៕
ព័ត៌មានជាតិ
មតិយោបល់