(រាជធានីភ្នំពេញ)៖ រថយន្ត Lexus តៃកុងងងុយដេក បុករះរុឺម៉ក់ដឹកជនជាតិ កូរ៉េ (Korea) និងរថយន្ត Camry នៅផ្លូវកម្ពុជាក្រោម ខាងមុខសាលាបង្រៀនបើកបរដៃទំនើប ផ្ទះ៥៨៨ ផ្លូវ១២៨ សង្កាត់ដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង៩:៣០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ បណ្តាលឱ្យរងរបួស ២នាក់។
សាក្សីបានប្រាប់ Post News ថារថយន្ត Lexus RX330 ពណ៌ស ស្លាកលេខភ្នំពេញ 2AF-1678 បើកបរពីកើតមកលិច តាមបណ្តោយផ្លូវកម្ពុជាក្រោម លុះមកដល់ចំណុចខាងលើ រថយន្តបានរ៉េចង្កូតមកខាងឆ្វេងដៃ ហើយបុករុឺម៉ក់ ដែលដឹកជនជាតិ កូរ៉េ (Korea) ចំនួន ២នាក់ រងរបួសស្រាល រុឺម៉ក់ស្លាកលេខ ភ្នំពេញ 1BU-0803 រងការខូចខាត ស្ទើរទាំងស្រុង បុើងឡើងលើចិញ្ចើមផ្លូវ រួចបន្តបុករថយន្ត Camry ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AF-5977 ដែលចតនៅលើផ្លូវកម្ពុជាក្រោម ចំផ្នែកខាងឆ្វេងនៃរថយន្ត។ តាមសាក្សីនិយាយថា បុរសពាក់អាវខ្មៅឆ្នូត ជាតៃកុងរថយន្ត Lexus RX330 មានសភាពដូចជាស្រវឹងបានជាបើកបរមកបុកគេឯង ប៉ែកខាងឆ្វេងដៃតែម្តង។
នគរបាលចរាចរណ៍ រាជធានីភ្នំពេញ បានមកវាស់វែង និងយករថយន្តទាំង២ និងរុឺម៉ក់ ព្រមទាំងអ្នកពាក់ព័ន្ធ ទៅធ្វើការដោះស្រាយ តាមនីតិវិធីច្បាប់ នៅស្នងការដ្ឋាននរគបាល រាជធានីភ្នំពេញ៕
មតិយោបល់