តូក្យូ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០១៥ ម្សិលមិញនេះ ប្រកាសឲ្យ ប្រជាជន និងអ្នកទេសចរទាំងអស់ ដែលស្ថិតនៅក្បែរភ្នំភ្លើងចំនួន ៥០ ប្រញាប់ប្រញាល់ភៀសខ្លួន ចេញពីតំបន់ទាំងនោះ ព្រោះតាមការព្យាករណ៍របស់អាជ្ញាធរភូមិសាស្ត្រជាតិ បានឲ្យដឹងថា ភ្នំភ្លើងអាចនឹងផ្ទុះឡើងនៅទូទាំងប្រទេស។
សេចក្ដីប្រកាសនេះ ត្រូវបានអនុម័តដោយសភាជប៉ុន និងបានបង្កើតជាច្បាប់ថ្មី ហើយត្រូវបានគេដឹងថា ច្បាប់នេះបានបង្កើតឡើងក្រោយពេលដែលភ្នំភ្លើង Ontake ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ផ្ទុះឡើងដោយឥតបានដឹងមុន កាលពីខែកញ្ញា ឆ្នាំ២០១៤ ដោយបានបណ្តាលឲ្យមនុស្ស ៥៧នាក់ស្លាប់ និង៦នាក់ទៀត បាត់ខ្លួនរកពុំទាន់ឃើញនៅឡើយទេ រហូតមកដល់ពេលនេះ។ បញ្ហានេះត្រូវបានគេស្តីបន្ទោស ទៅលើប្រព័ន្ធប្រកាសអាសន្ន ដែលមិនអាចមានលទ្ធភាពតាមដាន នៅគ្រប់កន្លែងទូទាំងប្រទេសបាន។
គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន កំពុងតែធ្វើការកំណត់ទីតាំងលើទីក្រុង, ក្រុង, និង ភូមិ ចំនួន ១២៩ កន្លែង នៅតាមខេត្តទាំងអស់ ដើម្បីចាប់ផ្តើមគម្រោងនៃការជម្លៀសប្រជាជន ស្របទៅតាមច្បាប់ថ្មីដែលទើបអនុម័ត។ យ៉ាងណាក៏ដោយ នេះជាគ្រាន់តែជាការប៉ាន់ស្មានទុកជាមុន ប៉ុណ្ណោះ ដើម្បីបង្កាគ្រោះថ្នាក់ដោយសារតែគ្រោះធម្មជាតិ ដែលគ្មាននរណាអាចប៉ាន់ស្មានពីទំហំ និង ពេលវេលាកើតឡើងឲ្យច្បាស់លាស់បានឡើយ៕
មតិយោបល់