យ៉ាំងហ្គោន៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន និងប្រមុខកងទ័ពមីយ៉ាន់ម៉ា លោក Min Aung Hlaing បានសាទរចំពោះជ័យជម្នះដ៏មហិមារបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានលោកស្រី អ៊ុងសាន ស៊ូជី ជាប្រធាន។
យោងតាមការចុះផ្សាយរបស់ Channel News Asia បានឲ្យដឹងថា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន ក្រៅពីសាទរហើយនោះ លោកនៅបានសន្យាប្រគល់អំណាចឲ្យប្រសិនបើគណៈកម្មការរៀបចំការបោះឆ្នោតប្រកាសលទ្ធផលជាផ្លូវការ។
«ក្នុងនាមជារដ្ឋាភិបាល យើងនឹងគោរព ហើយប្រតិបត្តិតាមលទ្ធផលនៃការបោះឆ្នោត និងធ្វើការផ្ទេរអំណាចដោយសន្តិវិធី»។ នេះជាសំដីរបស់លោក ថេន សេន។ ចំណែកលោក លោក Min Aung Hlaing ប្រមុខកងទ័ពមីយ៉ាន់ម៉ា ដែលបានគ្រប់គ្រងប្រទេសជាងពាក់កណ្ដាលសតវត្ស និងជាអ្នកប្រើកណ្ដាប់ដៃដែក ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ក៏បានថ្លែងអបងរសាទរចំពោះជ័យជំនះរបស់គណបក្សប្រឆាំង ដែលមានលោកស្រី អ៊ុងសាន ស៊ូជី ជាមេដឹកនាំ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានអបអរសាទរទៅលើរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលរៀបចំការបោះឆ្នោតឡើងដោយមានភាព «សេរី ត្រឹមត្រូវ និងតម្លាភាព»៕
មតិយោបល់