ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ និងរហូតមកដល់បច្ចុប្បន្ននេះ គេមើលឃើញថា តម្លៃមាសអន្តរជាតិ ក៏ដូចជា មាសនៅក្នុងប្រទេសម្ពុជា បានឡើងថ្លៃខ្ពស់ដែលអាចនិយាយថា ឡើងថ្លៃមិនធ្លាប់មាន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តើកត្តាអ្វីខ្លះ ដែលនាំឱ្យតម្លៃមាសលើទីផ្សារឡើងថ្លៃបែបនេះ?។ បើតាមគេហទំព័រជំនាញ ហិរញ្ញវត្ថុ មួយបានបង្ហាញពីកត្តាមួយចំនួន ដែលធ្វើឱ្យតម្លៃមាសឡើងថ្លៃក្នុងនោះមានដូចជា ៖
១) តម្លៃទីផ្សារប្រាក់ដុល្លារធ្លាក់ចុះ
អ្នកជំនាញហិរញ្ញវត្ថុបានបកស្រាយថា ហាងឆេងប្រាក់ដុល្លារ និងហាងឆេងមាស គឺដូចជាព្រះអាទិត្យ និងព្រះច័ន្ទអញ្ចឹង គ្មានថ្ងៃត្រូវគ្នាទេ បើមួយឡើងត្រូវតែមានមួយចុះ ។ បើសិនជាប្រាក់ដុល្លារចុះថ្លៃ តម្លៃមាសនឹងឡើងថ្លៃ ហើយប្រាក់ដុល្លារឡើងថ្លៃ នោះតម្លៃមាសនឹងធ្លាក់ចុះ ។
២) ការសម្រេចចិត្តពីធនាគារកណ្ដាល
World Gold Council បានបង្ហាញថា ធនាគារកណ្ដាលជាស្ថាប័ន ធនាគារកណ្ដាលអាមេរិក រួមមានអាល្លឺម៉ង់ អ៊ីតាលី បារាំង ដែលជាអ្នកគ្រប់គ្រងក្រដាសប្រាក់ផង និងជាកន្លែងស្តុកទុកមាស ។ បើធនាគារកណ្ដាល ចង់បង្វិលគោលនយោបាយរូបិយប័ណ្ណរបស់ខ្លួន ដូចជា ចង់ដំឡើងអត្រាការប្រាក់ នោះនឹងធ្វើឱ្យតម្លៃមាសចុះថ្លៃ ហើយបើអត្រាការប្រាក់ចុះវិញ នឹងធ្វើឱ្យមាសឡើងថ្លៃវិញដូចគ្នា ដែលអាចបញ្ជាក់ថាអ្វីៗ គឺស្ថិតនៅលើការសម្រេចរបស់ធនាគារកណ្ដាល។
៣) ការកើតឡើងនូវអតិផរណា
នៅពេលតម្លៃលុយធ្លាក់ចុះខ្លាំង មនុស្សមានទំនោរប្តូរពីការរក្សាប្រាក់ មកជាមាសវិញ នោះបានន័យថាអតិផរណា មានរយៈពេលកាន់តែយូរ នាំឱ្យតម្លៃកាន់តែថ្លៃឡើងៗ ប៉ុន្តែតម្លៃមាសនឹងធ្លាក់ចុះមកវិញបន្តិចបន្តួច នៅពេលអតិផរណាត្រូវបានដោះស្រាយ ។
៤) តម្រូវការទីផ្សារ
យោងទៅលើវែបសាយ GoldHub បានឱ្យដឹងថា ទីផ្សារដែលមានតម្រូវការខ្ពស់ បច្ចុប្បន្ន មានប្រទេសរុស្ស៊ី ចិន ឥណ្ឌា មិកសិកកូ និងតួគី សុទ្ធតែមានតម្រូវការមាសខ្ពស់ ស្របពេលដែលការជីករកមាស កាន់តែមានភាពលំបាកឡើងៗ ជាមួយតម្លៃពលកម្មកាន់តែមានបម្រែបម្រួលកើនឡើងដូចគ្នា នាំឱ្យតម្លៃមាសកាន់តែមានតម្លៃឡើងថ្លៃ។
ក្នុងឆ្នាំ២០២០កន្លងទៅនេះ បើតាមអាជីវករមាស បានបញ្ជាក់ថា តម្លៃមាសបានហក់ឡើង មិនធ្លាប់មានពីមុនមកនោះទេ ដោយក្នុងមួយដំឡឹងវាបានឡើងដល់ជាង ២០០០ដុល្លារ។ ពេលខ្លះវាបានដល់ ២៣០០ដុល្លារក្នុងមួយដំឡឹង។ ក្នុងពេលមាសហក់ឡើងបែបនេះ ទីផ្សារមាសគឺសំបូរអ្នកលក់ច្រើនជាងអ្នកទិញ៕
មតិយោបល់