ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកនេះថា កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន៦៤នាក់ដែលពាក់ព័ន្ធនឹងសហគមន៍២០កុម្ភៈទាំងអស់។
ក្នុងចំណោមអ្នកជំងឺខាងលើ មាន ២៦នាក់នៅរាជធានីភ្នំពេញ, ៣០នាក់នៅខេត្តកណ្តាល, ៥នាក់នៅខេត្តព្រៃវែង, ២នាក់នៅខេត្តព្រះសីហនុ និងម្នាក់នៅខេត្តសៀមរាប។

សម្រាប់ខេត្តសៀមរាប នេះគឺជាករណីវិជ្ជមានកូវីដ១៩ដំបូងបំផុតដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ តាំងពីដើមខែមីនានេះ ខេត្តស្វាយរៀង កោះកុង កំពង់ធំ ព្រៃវែង និងកំពង់ចាម ក៏ទើបតែរកឃើញករណីវិជ្ជមានកូវីដ១៩ដំបូងនៃព្រឹត្តិការណ៍នេះផងដែរ។

អ្នកឆ្លងនៅខេត្តសៀមរាប គឺស្រ្តីខ្មែរអាយុ ៣២ឆ្នាំ មានអសយដ្ឋានស្នាក់នៅ ភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក។ ស្រ្តីរូបនេះ ជាអ្នកបម្រើការងារនៅសណ្ឋាគារ ជិនយិនថៃ ខេត្តព្រះសីហនុ ហើយបានចេញដំណើរពីខេត្ត នៅថ្ងៃទី៦ ខែមីនា ឆ្លងកាត់រាជធានីភ្នំពេញ ទៅដល់ខេត្តសៀមរាប នៅថ្ងៃទី៧មីនា។
គិតត្រឹមព្រឹកថ្ងៃទី១០មីនានេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុប ១១២៤នាក់ ក្នុងនោះជាសះស្បើយ ៥៤៩នាក់។ បើគិតតែសហគមន៍២០កុម្ភៈ មានករណីឆ្លង ៦១៣នាក់ ក្នុងនោះជាសះស្បើយ ៦២នាក់៕
មតិយោបល់