ដៃគូសន្ទនាសន្តិសុខចតុភាគី ឬ ហៅកាត់ថា ខ្វដ (Quad) ដែលមានសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា សន្យារួមដៃគ្នាក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ ឲ្យបានយ៉ាងតិច ១ពាន់លានដូស ត្រឹមឆ្នាំ២០២២ ដើម្បីចែកទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន ដែលមានកម្ពុជាផងដែរ ក៏ដូចជាប្រទេសនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងប្រទេសនានាបន្តបន្ទាប់ទៀត នេះបើតាមការលើកឡើងរបស់លោក Jake Sullivan
លោកបានលើកឡើងក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលកាលពីថ្ងៃទី១២ មីនានេះថា៖ ” ជាមួយនឹងការផលិតរបស់ឥណ្ឌា បច្ចេកវិទ្យាអាមេរិក ថវិកាផ្គត់ផ្គង់ដោយអាមេរិក និងជប៉ុន ហើយនិងការដឹកជញ្ជូនរបស់អូស្ត្រាលី ខ្វដប្ដេជ្ញានឹងចែកវ៉ាក់សាំងរហូតដល់ ១ពាន់លានដូសទៅកាន់អាស៊ាន ឥណ្ឌូប៉ាស៊ីហ្វិក និងប្រទេសផ្សេងៗទៀត ” ។
បើតាមឯកសារកិច្ចប្រជុំរបស់សេតវិមានអាមេរិកបានឲ្យដឹងថា បច្ចេកវិទ្យាវ៉ាក់សាំងរបស់អាមេរិកក្នុងនោះក៏រាប់បញ្ចូលទាំងវ៉ាក់សាំង Johnson & Johnson ដែលចាក់តែមួយដូស និងប្រសិទ្ធភាពជាង ៩០%។ ក្រៅពីកិច្ចសហប្រតិបត្តិការ ៤ប្រទេសនេះ ខ្វដក៏នឹងសហការជាមួយអង្គការសុខភាពពិភពលោក និង COVAX ក្នុងការចែកវ៉ាក់សាំងនាពេលអនាគតទៀតផង។
ប្រសិនបើរឿងនេះអាចធ្វើទៅបានមែន ប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាកម្ពុជាយើងផងដែរ អាចនឹងទទួលបានវ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ដែលមើលទៅផលិតនៅឥណ្ឌា ក្នុងពេលណាមួយអំឡុងឆ្នាំនេះ ឬ ឆ្នាំក្រោយ៕
ប្រភព៖ Sabay
មតិយោបល់