ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន តែងតាំងលោកស្រី ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចលើការងារចាក់វ៉ាក់សាំង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៃកម្ពុជា បានបង្គាប់ការឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង តែងតាំងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចលើការងារចាក់វ៉ាក់សាំង។ នេះបើយោងតាមសារជាសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៦ ខែមីនានេះ។

ក្នុងសារជាសំឡេងនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ដើម្បីឱ្យការងារនេះ (ការងារចាក់វ៉ាក់សាំង) ឈានទៅមុខបានល្អប្រសើរ ខ្ញុំស្នើសុំឱ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករាប់រងក្នុងការចាក់វ៉ាក់សាំងទាំងក្នុងផ្នែកស៊ីវិល ទាំងក្នុងផ្នែកកងទ័ព ផ្នែកនគរបាល។ ហើយខ្ញុំសូមចង្អុលការ សូមតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងនៅក្របខណ្ឌទូទាំងប្រទេស ដោយរៀបចំផែនការមេ បន្តពីជំហ៊ានដែលយើងកំពុងធ្វើសព្វថ្ងៃនេះ”។

បើតាមសម្តេចតេជោ ហ៊ុន សែន នៅក្នុងពេលខាងមុខនេះ កម្ពុជា អាចមានលទ្ធភាពទទួលបានវ៉ាក់សាំងប្រមាណ ១.៥លានដូសទៀត។ ដូច្នេះសម្តេចតេជោ បានណែនាំឱ្យកំណត់មុខសញ្ញាត្រូវចាក់វ៉ាក់សាំង មានដូចជាគ្រូបង្រៀន ដែលត្រូវចាក់ដំបូងសម្រាប់គ្រូនៅភ្នំពេញ កណ្តាល ព្រះសីហនុ កោះកុង និងព្រៃវែង។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យគិតគូររៀបចំផែនការចាក់សម្រាប់អ្នកលក់ដូរនៅតាមផ្សារ ក៏ដូចជាមុខសញ្ញាសំខាន់ៗដទៃទៀត ជាពិសេសក្នុងក្របខណ្ឌក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានកម្មករ កម្មារិនីផងដែរ។

ប្រភព៖​clicknews.com.kh

មតិយោបល់