ព័ត៌មានជាតិ

តៃវ៉ាន់ ងាកមកប្រើប្រព័ន្ធមីស៊ីលតាមដានយន្ដហោះចម្បាំងចិន ដើម្បីសន្សំសំចៃលុយ

 

(តៃប៉ិ)៖ មន្រ្តីជាន់ខ្ពស់តៃវ៉ាន់មួយរូបនៅថ្ងៃចន្ទនេះបានអះអាងថាកងទ័ពអាកាសតៃវ៉ាន់លែងចល័តយន្តហោះចម្បាំងឲ្យចេញស្ទាក់រាល់ពេល ដែលយន្តហោះចម្បាំងចិន ទន្ទ្រានចូលមកក្នុងតំបន់ការពារដែនអាកាស ADIZ របស់ខ្លួនទៀតហើយ។ ប៉ុន្តែប្រើប្រព័ន្ធមីស៉ីលដែលស្ថិតលើដីដើម្បីតាមដានវិញ ព្រោះវិធីនេះអាចជួយសន្សំធនធាន។

អនុរដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក Chang Che-ping បាននិយាយក្នុងសភាតៃវ៉ាន់នៅថ្ងៃចន្ទនេះថាជាទម្លាប់ យន្តហោះចម្បាំងតៃវ៉ាន់តែងតែត្រូវបញ្ជូនឲ្យទៅស្កាត់ រាល់ពេលដែលមានយន្តហោះយោធាចិន ហោះចូលម្តុំៗភាគអាគ្នេយ៍នៃតំបន់ ADIZ របស់តៃវ៉ាន់ ខណៈការធ្វើបែបនេះគឺត្រូវចំណាយពេលវេលា និងធនធានមានតម្លៃច្រើន។

ក្រសួងការពារជាតិតៃវ៉ាន់ ធ្លាប់បាននិយាយកាលពីខែតុលា ឆ្នាំមុនថា តៃវ៉ាន់បានចំណាយថវិកាជិត ៩០០លានដុល្លារ ក្នុងឆ្នាំ២០២០ លើការចល័តយន្តហោះចម្បាំង ឲ្យទៅស្ទាក់យន្តហោះយោធាចិន និងថាសម្ពាធដែលពួកគេកំពុងប្រឈម គឺខ្លាំងក្លាណាស់៕

Reuters៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១

មតិយោបល់