នៅក្នុងស្ថានភាពដែលជំងឺកូវីដ១៩បន្តរាតត្បាតពិភពលោក វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ត្រូវបានប្រទេសមហាអំណាចមួយចំនួន ប្រើប្រាស់ជាអាវុធសម្រាប់ប្រកួតប្រជែងគ្នានៅលើសង្វៀនភូមិសាស្ត្រនយោបាយ ដើម្បីបង្ហាញពីឥទ្ធិពល និងពង្រីកអំណាចរបស់ខ្លួនជាដើម។ ការប្រើប្រាស់វ៉ាក់សាំងជាអាវុធ មិនមែនមានតែក្នុងបរិបទសកលនោះទេ។ ក៏មានដែរនៅកម្ពុជា ដែលក្រុមមនុស្សមួយចំនួនព្យាយាមទាញភ្ជាប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទៅនឹងយុទ្ធសាស្ត្រនយោបាយ ហើយញុះញង់ពលរដ្ឋមិនឲ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាការពិត គឺជាអាវុធយុទ្ធសាស្ត្រ។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់កាលពីខែកុម្ភៈឆ្នាំ២០២១ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាទំនិញយុទ្ធសាស្ត្រ ហើយការចាក់វ៉ាក់សាំងនេះជូនដល់ប្រជាពលរដ្ឋ នឹងអាចផ្ដល់ជំនឿចិត្តដល់អ្នកវិនិយោគ ដោយមិនចាត់ទុកកម្ពុជា ជាប្រទេសគ្រោះថ្នាក់ដោយសារជំងឺកូវីដ១៩។
លើសពីជាទំនិញយុទ្ធសាស្ត្រ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាអាវក្រោះដ៏សំខាន់ក្នុងការការពារអាយុជីវិតប្រជា ពលរដ្ឋខ្មែរ នៅក្នុងពេលដែលការរាតត្បាតនៃជំងឺកូវីដ១៩នៅមិនទាន់ធូរស្រាលផងដែរ តាមរយៈព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អាជ្ញាធរមានសមត្ថកិច្ចបានសម្រេចផ្អាកដំណើរការសាលារៀន រោងភាពយន្ត រោងសម្ដែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេស។ ក្រៅពីនេះ តំបន់មួយចំនួនត្រូវបានបិទខ្ទប់ ខណៈមនុស្សរាប់ពាន់នាក់ត្រូវដាក់ឲ្យនៅដាច់ដោយឡែកនៅតាមមណ្ឌលធ្វើចត្តាឡីស័កនៅទូទាំងប្រទេស។ គិតមកទល់ពេលនេះ ករណីកូវីដ១៩ដែលរកឃើញនៅកម្ពុជា កើនឡើងរហូតដល់ជាង២ពាន់ករណី ក្នុងនោះមានអ្នកជំងឺជាង១ពាន់នាក់កំពុងទទួលបានការព្យាបាល ខណៈចំនួនអ្នកស្លាប់ចាប់មានកំណើនជាបន្តបន្ទាប់។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជា ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និងមិនតម្រូវឲ្យបង់ប្រាក់កាសមួយរៀលណាទេ។ ម្ល៉ោះហើយ ប្រសិនបើបុគ្គលណាមិនពេញចិត្តនិងមិនស្ម័គ្រចិត្តចាក់វ៉ាក់សាំងទេ គួរតែកុំបង្អាក់សេចក្ដីស្ម័គ្រចិត្តរបស់អ្នកដទៃ។ ការបង្អាក់សេចក្ដីស្ម័គ្រចិត្តចាក់វ៉ាក់សាំងរបស់អ្នកដទៃ ដែលមានន័យស្មើនឹងការមិនចង់ឲ្យអ្នកដទៃទទួលបានការការពារពីជំងឺកូវីដ១៩ដ៏កាចសាហាវដូច្នោះដែរ៕
ប្រភព៖ RFI
មតិយោបល់