ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ២គ្រឿងបើកបរមិនប្រកាន់ស្តាំ បណ្តាលឲ្យបុកគ្នារងរបួសធ្ងន់០៣នាក់

កោះកុង: នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី លើផ្លូវក្រាលក្រួសក្រហម ចូលទៅជ្រោយប្រស់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនិងម៉ូតូទិសដៅបញ្រ្ចាសគ្នា ត្រង់ចំណុចខ្លង់ឃៀន ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង បណ្តាលឲ្យរងរបួសធ្ងន់មនុស្ស៣នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយម៉ូតូម៉ាក waveS ពណ៌ខ្មៅ គ្មានផ្លាកលេខ (គ្មានភ្លើងបំភ្លឺផ្លូវ) បើកបរដោយឈ្មោះ ម៉េង វិតួ ភេទប្រុស អាយុ៣៨ឆ្នាំ (រងរបួសធ្ងន់) អ្នករួមដំណើរឈ្មោះ ប៉ាង វណ្ណាត ភេទស្រី អាយុ៣៧ ទីលំនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ត្រូវជាប្រពន្ធ (រងរបួសធ្ងន់) ។ លុះពេលបើកបរមកដល់ ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក YAMAHA SIRIUS ពាក់ផ្លាកលេខភ្នំពេញ ១DC.៤៧៩២ អ្នកបើកឈ្មោះ ចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង (រងរបួសធ្ងន់) ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ច ដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុក ដើម្បីព្យាបាល ។

មូលហេតុ៖ អ្នកបើកបរម៉ូតូវ៉េវ មិនប្រកាន់ស្តាំ ។

បច្ចុប្បន្ន វត្ថុតាងសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្នាននគរបាលរងស្រុក រង់ចាំធ្វើការដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់