ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពត

អនុក្រឹត្យរបស់សម្តេចតេជោ បានបញ្ជាក់ថា «ត្រូវបានបង្កើត ក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន០៣ ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ព្រំប្រទល់រដ្ឋបាល ក្រុងបូកគោ ត្រូវបានកំណត់ដូចមាន ក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ»

ក្រុងបូកគោនេះ មានសង្កាត់ចំនួន០៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។ ទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក។

ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ដោយឡែកការកំណត់ចំនួន សមាជិកក្រុមប្រឹក្សាក្រុងបូកគោ និងក្រុមប្រឹក្សាស្រុកទឹកឈូ ត្រូវអនុលោមតាម មាត្រា១៨ថ្មី នៃច្បាប់ស្តីពី ការគ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕

ប្រភព៖​ Fresh News

មតិយោបល់