ព័ត៌មានជាតិ

ថៃថាមិនបានចាប់បញ្ជូនជនភៀសខ្លួនមីយ៉ាន់ម៉ា ត្រលប់ទៅប្រទេសពួកគេវិញទេ

 

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូនចា (Prayut Chan-o-cha) បានថ្លែងបដិសេធថា អាជ្ញាធរថៃមិនបានចាប់បញ្ជូនជនភៀសខ្លួនទាំងឡាយដែលបាន រត់មកជ្រកកោណនៅតាមព្រំដែនថៃ ត្រលប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញឡើយ ហើយលោកក៏បានអះអាងផងដែរថា រដ្ឋាភិបាលថៃត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ ទីជម្រកដល់ជនភៀសខ្លួនដែលគេចចេញពីការប្រយុទ្ធគ្នា។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះ លោក ប្រាយុទ្ធបានគូសបញ្ជាក់ដូច្នេះថា៖ «គ្មានឡើយលំហូរជនភៀសខ្លួន…យើងគ្រាន់តែបានសួរនាំទៅកាន់អ្នកដែលឆ្លងដែន ចូលមកក្នុងទឹកដីថៃពីបញ្ហារបស់ពួកគេ។ នៅពេលពួកគេឆ្លើយថាគ្មានបញ្ហាអ្វីទេ យើងគ្រាន់តែស្នើសុំឱ្យពួកគេត្រឡប់ទៅទឹកដីរបស់ពួកគេវិញ។ ពោលគឺពួកយើងមិនបាន ប្រើកម្លាំងបាយនោះទេ»។

ការអះអាងខាងលើរបស់លោក ប្រាយុទ្ធ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមអង្គការមនុស្សធម៌បាននិយាយថាយោធាថៃបានផ្ដើមចាប់បញ្ជូនប្រជាជនមួយចំនួន ដែលរត់គេចចេញពីការវាយប្រហារតាមផ្លូវអាកាសពីសំណាក់យោធាមីយ៉ាន់ម៉ា និងកំពុងជ្រកកោណក្នុងទីដីថៃត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។

កាលពីចុងសប្ដាហ៍ កន្លងទៅ យោធាមីយ៉ាន់ម៉ាត្រូវបានគេរាយការណ៍ថាបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានរបស់កងទ័ពជនជាតិដើមភាគតិចជាច្រើននៅតាម បណ្ដោយព្រំដែន ដោយបង្ខំឱ្យប្រជាជនស៊ីវិលរាប់ពាន់នាក់រត់ភៀសខ្លួនចូលក្នុងព្រៃ និងខ្លះទៀតឆ្លងដែនចូលទៅក្នុងទឹកដីថៃ៕

AP៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១

មតិយោបល់