ខេត្តព្រះវិហារ៖លោក សៅ វ៉ាន់ឌី អ្នកយកព័ត៌មានកាសែតរស្មីកម្ពុជាប្រចាំខេត្តព្រះវិហារត្រូវបានឈ្មួញដឹកឈើខុសច្បាប់និងក្រុមបក្ខពួកជនអន្ធពាលប្រើអំពើហិង្សាដេញវាយខណះចុះថតយកព័ត៌មានសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់តាមដងផ្លូវជាតិលេខ៦២កាលពីវេលាម៉ោង៧យប់ថ្ងៃទី១២តុលា២០១៤ស្ដិតនៅភូមិអូរខ្លែងពណ៌សង្កាត់ប៉ាលហាលក្រុងព្រះវិហារ។
បន្ទាប់ពីកើតហេតុការណ៍បង្កទ្បើងដោយក្រុមជនអន្ធពាលជាឈ្មួញឈើនោះកំលាំងនគរបាលក្រុងព្រះវិហារបានចុះទៅអន្តរាគមន៍ជួយជនរងគ្រោះនិងចាប់ខ្លួនក្រុមជនដៃដល់ប៉ុន្ដែពួកវាបាននាំគ្នារត់គេចខ្លួនអស់ចំណែកជនរងគ្រោះបានខំរត់ប្រវេរប្រវ៉ាយករួចខ្លួនចូលពួនសម្ងំក្នុងព្រៃជ្រៅក្បែរភូមិ។ចំណែកសមត្ថកិច្ចនៅជាប់តាមដងផ្លូវជាតិ៦២ប្រមាណ២០កន្លែងសុទ្ធតែជាមនុស្សចោលម្សៀតព្រោះតែមិនអាចចាប់ឃាត់រថយន្ដល្មើស១គ្រឿងខាងលើបានហើយមានចេតនាបណ្តោយអោយឈ្មួញឈើបើករត់រួចដល់ទឹកដីខេត្តកំពង់ធំដោយសុវត្ថិភាព។កំលាំងនគរបាលក្រុងព្រះវិហារនិងអ្នកសារព័ត៌មាន២នាក់បានខិតខំទំនាក់ទំនងហៅទូរស័ព្ទទៅកាន់លោកសៅវ៉ាន់ឌីអោយចេញពីក្នុងព្រៃវិញគឺរហូតដល់ម៉ោង៨និង៣០នាទីយប់ថ្ងៃដដែលទើបគាត់ព្រមដើរចេញពីក្នុងព្រៃដើម្បីវិលត្រទ្បប់ទៅផ្ទះវិញហើយមិនឃើញមានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីនោះទេ។
លោកសៅវ៉ាន់ឌីអ្នកកាសែតរស្មីកម្ពុជាបានរៀបរាប់អោយដឹងថាហេតុការណ៍ខាងលើកើតទ្បើងនៅវេលាម៉ោង៧យប់ខណះពេលគាត់បើកបររថយន្ដនៅតាមដងផ្លូវហើយបានប្រទះឃើញរថយន្ដសាំយ៉ុងពណ៌ខៀវ១គ្រឿងពាក់ស្លាកលេខ២A១០៣៣ដឹកឈើសន្លឹកប្រណីតខ្នាតមុខ១ម៉ែត្រប្រវែង៣ម៉ែត្រចំនួន៣សន្លឹកពេលនោះគាត់បានតាមថតយកព័ត៌មាន។ចាប់ពីឧទ្យានលោកតាឌីរហូតមកដល់ចំណុចកើតហេតុឈ្មួញឈើបានឈប់រថយន្ដហើយជេរប្រមាថទៅលើអ្នកកាសែតនិងគំរាមកំហែងថាឈើប្រណីតទាំងនេះដឹកអោយមន្ដ្រីអង្គភាពប្រឆាំងអំពើពុករលួយយកទៅភ្នំពេញ។ឈើប្រណីត៣សន្លឹកនេះមានតំលៃថ្លៃណាស់។
លោកសៅវ៉ាន់ឌីបន្តទៀតថាមិនទាន់បានសួរនាំឈើប្រណីតទាំងនេះដឹកចេញពីណាផងស្រាប់តែឃើញបក្ខពួកគ្នាវា១ក្រុមចុះពីរថយន្ដធុនត្រាពណ៌សស្ទុះមកដេញវាយទាត់ធាក់គាត់យ៉ាងកំរោលដោយមានកាន់ដំបងថែមទៀត។ឃើញស្ថានភាពមិនល្អគាត់បានខំរត់គេចខ្លួនពីក្រុមជនអន្ធពាលចូលពួនសម្ងំក្នុងព្រៃជ្រៅក្បែរភូមិ។ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណជនដៃដល់នោះទេគ្រាន់តែដឹងថាក្នុងពេលកើតហេតុគាត់ឃើញឈ្មោះឈឿនចាន់ភ្នាក់ងារទូរទស្សន៍អប្សរាកំពុងឈរជជែកគ្នាជាមួយជនដៃដល់ជិះរថយន្ដធុនត្រាក្នុងចំណោមបក្ខពួកជនអន្ធពាលចំនួន៦នាក់។
នៅយប់ថ្ងៃដដែលជនរងគ្រោះបានចូលខ្លួនទៅរាយការណ៍ប្រាប់លោកគង់គារអធិការនគរបាលស្ដីទីក្រុងព្រះវិហារដើម្បីសំណូមពរអោយសមត្ថកិច្ចតាមស្រាវជ្រាវវែកមុខក្រុមជនដៃដល់ជាឈ្មួញឈើដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ជនរងគ្រោះបានស៊ើបស្គាល់ឈ្មោះជនដៃដល់រួចហើយកាលពីព្រឹកថ្ងៃទី១៣តុលា២០១៤គឺឈ្មោះធីជាឈ្មួញឈើដុះស្លែមកពីខេត្តកំពង់ធំហើយតែងតែយកឈ្មោះមន្ដ្រីអង្គភាពប្រឆាំងអំពើពុករលួយនៅរាជធានីភ្នំពេញមកកាងមុខរបររកស៊ីដឹកឈើខុសច្បាប់របស់ខ្លួនច្រើនឆ្នាំមកហើយ។ក្នុងរូបភាពបុរសម្នាក់មានសញ្ញាខ្វែងខ្មៅជាជនល្មើសកំពុងនិយាយទូរស័ព្ទនិងម្នាក់ទៀតឈរអោបដៃជាជនដៃដល់។
គួរបញ្ជាក់ថាចូលដល់ខែតុលានេះសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់តាមដងផ្លូវជាតិលេខ៦២ចាប់ពីតំបន់ស្រអែមរហូតដល់ព្រំប្រទល់ខេត្តកំពង់ធំនិងបទល្មើសព្រៃឈើដឹកចេញពីស្រុកសង្គមថ្មីនិងស្រុកជ័យសែនកាត់ផ្នែករដ្ឋបាលព្រៃឈើរវៀងមានភាពគគ្រឹកគគ្រេងខ្លាំងលើសដើម។ប្រជាពលរដ្ឋធ្វើការប៉ាន់ស្មានថាក្នុង១ថ្ងៃៗអាចមានរថយន្ដម៉ាកសាំយ៉ុងនិងតាកូម៉ាប្រមាណ៧០គ្រឿងដឹកឈើខុសច្បាប់ចេញពីខេត្តព្រះវិហារឆ្ពោះទៅខេត្តកំពង់ធំរីឯសមត្ថកិច្ចមិនបង្ក្រាប។
គួរអោយកត់សំគាល់ក្នុងឆ្នាំ២០១៤នេះសិទ្ធសេរីភាពអ្នកសារព័ត៌មានក្នុងខេត្តព្រះវិហារត្រូវបានគេរំលោភបំពានតាមរយះការប្រើអំពើហិង្សាវាយដំទាត់ធាក់ពីសំណាក់ជនអន្ធពាលហើយអាជ្ញាធរខេត្តព្រះវិហារដែលមានលោក អ៊ុំ ម៉ារ៉ា ជាអភិបាលខេត្តហាក់ដូចជាមិនអើពើអ្វីសោះក្នុងការការពារសិទ្ធសេរីភាពអ្នកសារព័ត៌មានដែលបានទទួលរងគ្រោះក្នុងការបំពេញបេសកកម្មយកព័ត៌មានក្នុងទឹកដីដែលខ្លួនគ្រប់គ្រងនោះ។ទាំងថ្នាក់ដឹកនាំខេត្តនិងស្ថាប័នសមត្ថកិច្ចខ្លះនៅខេត្តព្រះវិហារសម្ងំយកសេចក្ដីសុខតែខ្លួនឯងហើយបានសោយសុខលើគំនរទុក្ខអ្នកសារព័ត៌មាន៕
មតិយោបល់