កណ្តាលៈ ជនសង្ស័យជាអ្នករត់ម៉ូតូឌុបម្នាក់ សង្ស័យមិនសូវកាក់កប បានឆ្លៀតបន្ថែមមុខរបរជួញថ្នាំញៀនមួយទៀត ចុងក្រោយត្រូវសមត្ថកិច្ចចាប់ជាប់ ពេលកំពុងជួញដូរ។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យមានឈ្មោះ ហែន សុផាត ភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុបនៅភូមិភ្លើងឆេះរទេះសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ នៅក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចរកឃើញវត្ថុតាងចាប់យករួមមាន ១- ថ្នាំម្សៅពណ៌សរថ្លាសង្ស័យថាសារធាតុញៀន ០៣កញ្ចប់តូច។ ២-កូនកន្រ្តៃ០១ និង៣-ទូរស័ព្ទដៃម៉ាកអិុនចុចពិលចំនួន០១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោងខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ធបាលបែកចានសហការជាមួយផ្នែកជំនាញបានទទួលព័ត៌មានពីកំលាំងផ្ដល់មូលដ្ឋានថាមានមុខសញ្ញាកំពុងតែជួញដូរថ្នាំញៀននៅចំណុចខាងលើ ទើបកំលាំងសមត្ថកិច្ចចុះទៅធ្វើការឃាត់ខ្លួនមុខសញ្ញាបាន០១នាក់និងវត្ថុ តាងខាងលើ ។
តាមចម្លើយសារភាពរបស់ជនល្មើស ឆ្លើយថា ថ្នាំញៀននេះគឺទិញមកពីម្តុំពេទ្យលោកសង្ឃ។ បច្ចុប្បន្នជនល្មើសត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធីច្បាប់៕



មតិយោបល់