ព័ត៌មានជាតិ

អ្នកជំនាញអាល្លឺម៉ង់៖ អ្នកមានអាយុក្រោម ៦០ឆ្នាំមិនគួរចាក់វ៉ាក់សាំង AstraZeneca ដូសទី២ឡើយ

 

(ប៊ែរឡាំង)៖ គណៈកម្មការវ៉ាក់សាំងអាល្លឺម៉ង់ ឬគេស្គាល់ថា STIKO នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានផ្ដល់អនុសាសន៍ថាមនុស្សមានអាយុក្រោម ៦០ឆ្នាំ ដែលបានចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ដូសទី១ មិនគួរចាក់វ៉ាក់សាំងនេះដដែលនៅដូសទី២នោះទេ ហើយគួរតែចាក់ដូសទី២ ជាមួយវ៉ាក់សាំងផ្សេងជំនួសវិញ។

កាលពីដើមសប្ដាហ៍នេះ អាល្លឺម៉ង់បាននិយាយថាមានតែមនុស្សមាន៦០ឆ្នាំឡើងទៅតែប៉ុណ្ណោះដែលគួរចាក់វ៉ាក់សាំង AstraZeneca ដោយសារតែ បានរកឃើញពីផលប៉ះពាល់ដ៏កម្រ នោះគឺបញ្ហាកំណកឈាម (thromboembolic)។

នៅក្នុងការធ្វើបច្ចុប្បន្នភាពអនុសាសន៍នៅលើគេហទំព័ររបស់ខ្លួន STIKO បានគូសបញ្ជាក់ដូច្នេះថា៖ «ទម្រាំមានទិន្នន័យគ្រប់គ្រាន់ STIKO សូមផ្ដល់ អនុសាសន៍ឱ្យមនុស្សមានអាយុក្រោម៦០ឆ្នាំ ដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសទីមួយរួចរាល់ គួរតែប្ដូរទៅចាក់វ៉ាក់សាំងផ្សេងប្រភេទ mRNA ជំនួសវិញនៅដូសទី២ ក្រោយចាក់វ៉ាក់សាំងដូសទី១ រំលងបាន១២សប្ដាហ៍»។

វ៉ាក់សាំងប្រភេទ mRNA គឺជាវ៉ាក់សាំងបច្ចេកវិទ្យាថ្មីសន្លាងដែលផលិតឡើងដោយក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna៕

មតិយោបល់