ព័ត៌មានជាតិ

រុស្ស៊ីថាមិនមានការបង្កើតបក្សសម្ព័ន្ធយោធាជាមួយចិន ដើម្បីទប់ទល់ជាមួយអាមេរិកឡើយ

 

(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បាននិយាយថាប្រទេសរបស់លោកកំពុងបង្កើនទំនាក់ទំនងកាន់តែជិតស្និទជាមួយចិន ប៉ុន្តែមិនមានឡើយការបង្កើតបក្សសម្ព័ន្ធយោធារវាងប្រទេសទាំង២។

ការកត់សម្គាល់ខាងលើរបស់លោក ឡារ៉ូវ ធ្វើឡើងកំឡុងផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោកប្រមុខការទូតរុស្ស៊ីរូបនេះ បន្ថែមទៀតថាទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី និងចិនមានការកើនឡើងទាំងបរិមាណ និងគុណភាព។ តែទោះជាយ៉ាងនេះក្ដី លោក ឡារ៉ូវអះអាងថាទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងមិនត្រូវការបង្កើតបក្សសម្ព័ន្ធយោធាដូចជាជាអង្គការ NATO របស់សហរដ្ឋអាមេរិកនោះទេ។

នៅក្នុងបទសម្ភាសន៍នោះ លោក ឡារ៉ូវ ក៏បានលើកឡើងផងដែរពីកិច្ចប្រជុំចតុភាគី ឬហៅថា Quad រវាងសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ដែលជាកិច្ចប្រជុំមួយឆ្លុះបញ្ចំងពីការបង្កើនវត្តមានអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ បើតាមលោក ឡារ៉ូវ កិច្ចប្រជុំកំពូល Quad នេះមានគោលដៅទៅលើចិន។ ដូច្នេះលោកបារម្ភខា្លចក្រែងរុស្ស៊ីអាចនឹងក្លាយជាគោលដៅបន្ទាប់ ខណៈទីក្រុងម៉ូស្គូមិនត្រូវបាន អញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះទេ៕

NHK៖ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១

មតិយោបល់