ភ្នំពេញៈ ក្រោយពីចំពេលពេញមួយរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានលើកពេលសវនាការសំណុំរឿង ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ទៅធ្វើការបើកសវនាការជាសាធារណៈនៅថ្ងៃខាងមុខបន្តទៀត ប៉ុន្តែលោកមិនទាន់បានកំណត់ថាថ្ងៃណាជាក់លាក់នៅឡើយទេ។
សំណុំរឿងនេះមានជនជាប់ចោទចំនួន ៧នាក់ រួមមាន៖១. ឈ្មោះ ជូ ពីឡុង ភេទប្រុស អាយុ ៤៧ឆ្នាំ (រត់គេចខ្លួន) ត្រូវតំណាអអយ្យការចោទប្រកាន់ពីបទ, ២. ឈ្មោះ ដាយ សៀវហ្វី ភេទប្រុស អាយុ ៣៥ឆ្នាំ , ៣. ឈ្មោះ ស៊ី អូថុង ភេទប្រុស អាយុ ៤៦ឆ្នាំ , ៤. ឈ្មោះ លី ស៊ីហូរ ភេទប្រុស អាយុ ៥៩ឆ្នាំ, ៥. ឈ្មោះ ស៊ី ឈឹង ភេទប្រុស អាយុ ៤១ឆ្នាំ, ៦. ឈ្មោះ វ៉ាង ជី ភេទប្រុស អាយុ ៣៥ឆ្នាំ និង៧. ឈ្មោះ ចាំង ស៊ុងឈឹង ភេទប្រុស អាយុ ៤១ឆ្នាំ។
ជនជាប់ចោទទាំង៧នាក់ត្រូវបានលោក សៀង សុខ តំណាងអយ្យការចោទប្រកាន់ពីបទ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ មានស្ថានទម្ងន់ទោស និងបទសមគំនិត ប្រព្រឹត្តនៅអំឡុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នៅក្នុងបន្ទប់លេខ៤២ ផ្លូវ១៧៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយប្រព្រឹត្តលើជនរងគ្រោះឈ្មោះ ហ្គោ លីងយន់ និងឈ្មោះ ចាង យន់ ជាជនជាតិចិនដូចគ្នា បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ២៥៤ និងមាត្រា ២៦ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការជនជាប់ចោទឈ្មោះ ដាយ សៀវហ្វី បានបដិសេធមិនស្គាល់ឈ្មោះ ជូ ពីឡុង ទេ ហើយក៏អត់ដឹងរឿងបង្ខាំងមនុស្សនោះទេ ដោយខ្លួនគ្រាន់តែជាសន្តិសុខយាមរោងចក្រតម្បាញឈ្មោះ ជីង ខាំ នៅតាមផ្លូវជាតិលេខ២ ក្នុងខេត្តកណ្តាល តែប៉ុណ្ណោះ។
ជនជាប់ចោទឈ្មោះ ស៊ី អូថុង បានឆ្លើយថា ខ្លួនជាសន្តិសុខធ្វើការងារជាមួយឈ្មោះ ដាយ សៀវហ្វី ហើយខ្លួនបានស្គាល់ឈ្មោះ ជូ ពីឡុង ជាអ្នកស្រុកមកពីប្រទេសចិនជាមួយគ្នា។ ជនជាប់ចោទបន្តថា ខ្លូនជាអ្នករកម៉ូយទៅលេងបៀរនៅក្នុងកាស៊ីណូនៅភ្នំពេញ ហើយបើអ្នកណាខ្លះលុយលេងល្បែងខ្លួនអាចជូនទៅជួបឈ្មោះ ជូ ពីឡុង ដើម្បីខ្ចីលុយលេងទៀតបាន។ ហើយជនរងគ្រោះទាំងពីរនាក់ខាងលើគឺសុទ្ធតែជាអ្នកជំពាក់លុយឈ្មោះ ជូ ពីឡុងទាំងអស់។
សូមបញ្ជាក់ មានករណីបង្ខាំងមនុស្សដោយខុសច្បាប់បានកើតឡើងនៅអំឡុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នៅក្នុងបន្ទប់លេខ៤២ ផ្លូវ១៧៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលមានឈ្មោះ ជូ ពីឡុង ជាមេក្លោង ជាអ្នកឲ្យលុយទៅជនរងគ្រោះខ្លីយកទៅលេងល្បែងនៅកាស៊ីណូ ហើយគ្មានលុយសងវិញទើបចាប់បង្ខាំងដើម្បីទារលុយមកវិញ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ដោយឃាត់ខ្លួនជនជាប់ចោទ៦នាក់ខាងលើ និងម្នាក់បានរត់គេចខ្លួន៕
មតិយោបល់