កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបាននិយាយថា ប្រទេសចិនកំពុងស្វែងរកការកាន់កាប់តំបន់ជាច្រើនបន្ថែមទៀតនៅក្នុងសមុទ្រចិនខាងត្បូង ដោយលើកឡើងពីវត្តមានជាបន្តរបស់នាវាចិនជាច្រើនគ្រឿង ដែលទីក្រុងម៉ានីលជឿជាក់ថា នាវាទាំងនោះត្រូវបានគ្រប់គ្រងដោយកងជីវពលចិននៅក្នុងជម្លោះនៃផ្លូវទឹកយុទ្ធសាស្ត្រ ។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Delfin Lorenzana បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយហៅសមុទ្រចិនខាងត្បូងជាភាសាហ្វីលីពីនថា “វត្តមានជាបន្តបន្ទាប់របស់កងជីវពលសមុទ្រចិននៅក្នុងតំបន់នោះ បង្ហាញពីចេតនារបស់ពួកគេក្នុងការកាន់កាប់ (តំបន់ជាច្រើន) បន្ថែមទៀតនៅសមុទ្រហ្វីលីពីនភាគខាងលិច” ។
នេះគឺជាសេចក្តីថ្លែងការណ៍លើកទី០២ របស់លោក Lorenzana ក្នុងរយៈពេល០២ថ្ងៃ ខណៈដែលលោកបានអំពាវនាវម្តងហើយម្តងទៀត ឲ្យនាវាជាច្រើនរបស់ចិនចាកចេញពីថ្មប៉ប្រះទឹក Whitsun Reef ដែលទីក្រុងម៉ានីលហៅថា Julian Felipe Reef ដែលស្ថិតនៅ ចម្ងាយ ២០០ម៉ែល៍ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។
ក្រុមមន្ត្រីការទូតចិនបាននិយាយថា នាវាបានបោះយុថ្កាក្បែរថ្មប៉ប្រះទឹកដែលមានចំនួនជាង ២០០គ្រឿង ដែល ក្រុមល្បាតហ្វីលីពីនរាយការណ៍នោះ ដែលកំពុងចតដោយសារមានខ្យល់ប៉ក់បោកខ្លាំងនៅសមុទ្រ ហើយថាគ្មានកងជីវពលចិនណាមួយនៅលើនាវានោះទេ។
កាលពីថ្ងៃសៅរ៍ លោក Lorenzana បាននិយាយថា នៅតែមាននាវាចិនចំនួន ៤៤គ្រឿងនៅឯថ្មប៉ប្រះទឹក Whitsun Reef ទោះបីជាមានស្ថានភាពអាកាសធាតុល្អប្រសើរឡើងជាងមុនក៏ដោយ។
លោកបាននិយាយបន្ថែមទៀតថា “ខ្ញុំមិនល្ងង់ទេ។ អាកាសធាតុល្អប្រសើររហូតមកដល់ពេលនេះ ដូច្នេះពួកគេគ្មានមូលហេតុដើម្បីនៅទីនោះទេ” ៕
មតិយោបល់