ក្រចេះ: នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរ បានធ្វើការចាប់ខ្លួនយុវជន២នាក់ ពីបទហិង្សាដោយចេតនា បន្ទាប់ពីពួកគេទាំង២នាក់ ប្រដាប់ដោយស្នប់សប់កង់ បានធ្វើសកម្មភាព នាំគ្នាព្រួតវាយទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសជាទម្ងន់ ក្រោយកើតជម្លោះឈ្លោះគ្នាពេលលេងបាល់ទះមួយកន្លែង ស្ថិតក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។
ជនសង្ស័យទាំង២នាក់ខាងលើមាន៖ ទី១.ឈ្មោះ មាស សុខា អាយុ២៥ឆ្នាំ និងទី២.ឈ្មោះ ងួន សុភ័ក្រ្ត អាយុ២២ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ និងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកសំបូរ ធ្វើការចាប់ឃាត់ខ្លួនបានភ្លាមៗ នៅត្រង់ចំណុចកន្លែងកើតហេតុ ។ ចំណែកឯជនរងគ្រោះនោះវិញ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។
បច្ចុប្បន្នជនបង្កហិង្សាទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់