ព័ត៌មានជាតិ

រុស្ស៊ីព្រមានថាការដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ា អាចបង្កឱ្យផ្ទុះសង្រ្គាមស៊ីវិល

 

(ម៉ូស្គូ)៖ រុស្ស៉ីបានបង្ហាញគោលជំហរប្រឆាំង ទៅនឹងការដាក់ទណ្ឌកម្មលើរបបយោធានៅមីយ៉ាន់ម៉ា ដោយថែមទាំងបានព្រមានទៀតផងថាទង្វើបែបនេះអាចបង្កទៅជា ការផ្ទុះសង្រ្គាមស៉ីវិលទ្រង់ទ្រាយធំបាន នៅក្នុងប្រទេសអាស៊ានមួយនេះ។

គោលជំហររបស់ទីក្រុងម៉ូស្គូ ធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី ដែលត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរុស្ស៉ី អ៉ីនធើហ្វាកស៍ (Interfax) ចេញផ្សាយនៅថ្ងៃអង្គារនេះ។ អ្នកនាំពាក្យរូបនេះ លើកឡើងយ៉ាងដូច្នេះថា៖ «ផ្លូវឆ្ពោះទៅរកការគំរាមកំហែង និងការដាក់សម្ពាធក៏ដូចជាការប្រើប្រាស់ទណ្ឌកម្ម ប្រឆាំងនឹងអាជ្ញាធរមីយ៉ាន់ម៉ាបច្ចុបន្ន គឺពុំមានអនាគតនោះទេ។ ទង្វើបែបនេះនឹងអាចរុញច្រានឲ្យមីយ៉ាន់ម៉ាធ្លាក់ទៅក្នុងការផ្ទុះសង្រ្គាមស៉ីវិលទ្រង់ទ្រាយធំតែម្តង…»។

បើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា មនុស្សច្រើនជាង ៥៥០នាក់ហើយបានស្លាប់ ហើយបណ្តាមហាអំណាចអន្តរជាតិមួយចំនួននាំមុខដោយសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ា ដើម្បីជាការដាក់សម្ពាធឱ្យយោធាមីយ៉ាន់ម៉ាបកក្រោយវិញ។ ប៉ុន្តែទាំងទណ្ឌកម្ម និងការទទូចឲ្យបញ្ឈប់អំពើហិង្សា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី គឺមិនបានបង្ហាញសញ្ញាថា មានប្រសិទ្ធភាពឡើយ ដោយយោធាមីយ៉ាន់ម៉ា នៅតែបន្តការបង្រ្កាបយ៉ាងចាស់ដៃ លើក្រុមបាតុករប្រឆាំងរដ្ឋប្រហារ៕

AFP៖ ថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។

មតិយោបល់