(ប៉ារីស)៖ បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបនឹងមានវ៉ាក់សាំង COVID-19 គ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួនភាគច្រើននៅត្រឹមចុងខែមិថុនាខាងមុខនេះ។
សារព័ត៌មាន Bloomberg ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថាប្រទេសអាល្លឺម៉ង់ បារាំង អ៉ីតាលី អេស្ប៉ាញ និងហូឡង់ នឹងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួនច្រើនជាង ៥៥ភាគរយ នៅត្រឹមខែមិថុនាខាងមុខ។
គណៈកម្មការអឺរ៉ុបក៏ធ្លាប់បានលើកឡើងរួចហើយដែរថា សហភាពអឺរ៉ុបដែលមានប្រជាជនសរុបជិត ៤៥០លាននាក់ នឹងទទួលបានវ៉ាក់សាំង៣៦០លានដូស នៅចុងខែមិថុនា បន្ថែមពីលើវ៉ាក់សាំង១០០លានដូសដែលមាននៅក្នុងដៃស្រាប់។
សហភាពអឺរ៉ុបក៏រំពឹងដែរថាពួកគេនឹងទទួលបានវ៉ាក់សាំងចាក់តែម្ដងរបស់ក្រុមហ៊ុន Johnson & Johnson ចំនួន៥៥លានដូស ខណៈវ៉ាក់សាំង៣០០លានដូសផ្សេងទៀតពីក្រុមហ៊ុន Pfizer-BioNTech, AstraZeneca និងក្រុមហ៊ុន Moderna នៅចន្លោះពី ខែមេសា ដល់ខែមិថុនា៕
Bloomberg៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
មតិយោបល់