ព័ត៌មានជាតិ

តៃវ៉ាន់នឹងប្រយុទ្ធដល់ទីបញ្ចប់ បើសិនជាចិនហ៊ានបើកវាយប្រហារ

 

(តៃប៉ិ)៖ កោះតៃវ៉ាន់នឹងប្រយុទ្ធតស៊ូរហូតដល់ដង្ហើមចុងក្រោយ បើសិនជាមានការវាយប្រហារណាមួយពីសំណាក់កងទ័ពចិន ខណៈសហរដ្ឋអាមេរិកបានមើលឃើញហើយ ដែរពីគ្រោះថ្នាក់ដែលអាចនឹងកើតឡើងគ្រប់ពេល។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់។

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មាននៅឯក្រសួងការបរទេសតៃវ៉ាន់ នៅថ្ងៃពុធនេះ។ ថ្លែងនាឱកាសនោះ លោក Wu បានសង្កត់ធ្ងន់ដូច្នេះថា៖ «យើងនឹងការពារខ្លួនឯង ហើយយើងនឹងប្រយុទ្ធតស៊ូក្នុងសង្រ្គាម បើសិនជាវាតម្រូវឱ្យយើងធ្វើដូច្នេះ។ យើងនឹងប្រយុទ្ធតស៊ូរហូតដល់ ដង្ហើមចុងក្រោយ»។

លោក Joseph Wu បន្ថែមថាប្រឈមមុខនឹងការគំរាមកំហែងពីចិន តៃវ៉ាន់នឹងពង្រឹងការអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួនតាមរយៈការបង្កើនការចំណាយលើ កញ្ចប់ថវិកាយោធាជារៀងរាល់ឆ្នាំ។ ការលើកឡើងខាងលើរបស់លោក Joseph Wu កើតមានឡើង ចំពេលក្រុមនាវាដឹកយន្តហោះចម្បាំងចិនកំពុងធ្វើ សមយុទ្ធនៅក្បែរកោះតៃវ៉ាន់ ហើយអះអាងថាសមយុទ្ធបែបនេះនឹងត្រូវធ្វើឡើងជាប្រចាំ៕

AFP៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១

មតិយោបល់