(Reuters) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយ ថាប្រទេសរុស្ស៊ី និងឥណ្ឌាកំពុងពិភាក្សាអំពីការផលិតសម្ភារៈយោធារបស់រុស្ស៊ីបន្ថែមនៅក្នុងប្រទេសឥណ្ឌា ដែលជាសកម្មភាពមួយអាចឲ្យសហរដ្ឋអាមេរិកមិនសប្បាយចិត្តចំពោះបណ្តាប្រទេសដែលធ្វើពាណិជ្ជកម្មការពារជាតិជាមួយទីក្រុងម៉ូស្គូ។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar លោក Lavrov មិនបានបញ្ជាក់ពីប្រភេទសម្ភារៈដែលអាចផលិតបាននៅក្នុងប្រទេសឥណ្ឌានោះទេ។ មន្ត្រីមកពីប្រទេសទាំងពីរក៏បាននិយាយថារដ្ឋាភិបាលរបស់ពួកគេបាន និងកំពុងពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំនូវលទ្ធភាពនៃការផលិតឧទ្ធម្ភាគចក្រយោធារបស់រុស្ស៊ីនៅក្នុងប្រទេសឥណ្ឌា។

លោក Lavrov បានប្រាប់សន្និសីទកាសែតថា “យើងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិវឌ្ឍកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា” ។
លោកមានប្រសាសន៍ទៀតថា “រុស្សីមានផែនការផ្ទាល់ខ្លួន និងចក្ខុវិស័យសម្រាប់បង្កើនការផលិតសម្ភារៈយោធា រុស្ស៊ីបន្ថែមទៀតនៅលើទឹកដីឥណ្ឌាដែលការងារទាំងនោះកំពុងស្ថិតក្នុងពិភាក្សា” ៕
មតិយោបល់