បាត់ដំបង ៖ នគរបាលស្រុកបវេលបានឃាត់ខ្លួនបុរសម្នាក់បានយកដែកវាយសម្លាប់ឪពុកបង្កើត ដោយចោទថា ឪពុកមានគ្រូកាន់ហើយប៉ងសម្លាប់ខ្លួន ។
ហេតុការនេះកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្រុមទី០១ ផ្ទះលេខ២០ ស្ថិតក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ប៊ុត សារ៉េត ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកកូនបង្កើតជាជនដៃដល់ឈ្មោះ ប៊ុត សំណាង ភេទប្រុស អាយុ២៧ឆ្នាំ ។

អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើមកកាន់អធិការដ្ឋានធ្វើការស្រាវជ្រាវ ។

នៅទីបំផុតជនសង្ស័យបានឆ្លើយតាមបែបរវើរវាយថា ការវាយសម្លាប់ឪពុករបស់ខ្លួនបែបនេះ ដោយសារតែឪពុកខ្លួនមានគ្រូកាន់ ហើយមានបំណងសម្លាប់រូបគេទេ ទើបគេវាយសម្លាប់ឪពុកនេះជាមុន ។
ករណីនេះ សមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់ស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
មតិយោបល់