ជាការផាកពិន័យដ៏សម្បើមបំផុតមួយ សម្រាប់ក្រុមហ៊ុនអាលីបាបា ! ទំហំនៃប្រាក់ពិន័យស្មើ៤%នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន ក្នុងឆ្នាំ២០១៩។ ហើយការពិន័យនេះ ជាលទ្ធផលនៃការអង្កេតតាំងពីខែធ្នូឆ្នាំ២០២០មក។
បើតាមភ្នាក់ងារគ្រប់គ្រងទីផ្សាមូលប័ត្រចិន អាលីបាបា ដែលមានទីស្នាក់ការធំនៅ Hangzhou ខេត្តភាគខាងត្បូងចិន បានរំលោភច្បាប់ប្រកួតប្រជែង ដោយបង្ខំឱ្យពាណិជ្ជករលក់ទំនិញរបស់ពួកគេដោយផ្តាច់មុខ នៅលើប្រព័ន្ធអ៊ីនធ័រនែតអាលីបាបា និងមិនអាចប្រើប្រព័ន្ធវេបសាយជាគូរប្រជែងផ្សេងទៀតបានទេ។ ទង្វើដែលកំរិតការប្រកួតប្រជែង និងប៉ះពាល់ដល់សិទ្ធិក្រុមហ៊ុន ព្រមទាំងអ្នកទិញនេះត្រូវបានក្រុមហ៊ុនអនុវត្តតាំងពីឆ្នាំ២០១៥មក។ នេះបើតាមការលម្អិតរបស់ស្ថាប័នគ្រប់គ្រងទីផ្សារមូលប័ត្រចិន។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រុមហ៊ុនអាលីបាបា បានប្រកាសព្រមទទួលយកទណ្ឌកម្មនេះ និងបង់ពិន័យ តាមការកំណត់។ ក្រុមហ៊ុនថែមទាំងបានប្រកាសសន្យាសម្របការរកស៊ីតាមច្បាប់ ព្រមទាំងធ្វើខ្លួនឱ្យមានទំនួលខុសត្រូវក្នុងសង្គមបានខ្ពស់ទៀត។
សូមបញ្ជាក់ថា តាំងតែពីខែតុលា២០២០មក ក្រោយពីលោក ហ្សាក់ ម៉ា ស្ថាបនិកក្រុមហ៊ុនអាលីបាបា បានរិះគន់ដោយចំហ ស្ថាប័នគ្រប់គ្រងមូលប័ត្រចិនមក អាលីបាបា បានក្លាយជាទិសដៅនៃការវាយប្រហាររបស់អាជ្ញាធរចិន។ ហើយនៅទីបំផុត គឺស្ថាប័នគ្រប់គ្រងទីផ្សារមូលប័ត្រនេះតែម្តងជាអ្នកសម្រេចអំពីទំហំនៃទឹកប្រាក់ពិន័យ។
តាមការពិតប៉េកាំងបានដាក់ទណ្ឌកម្មក្រុមហ៊ុនអាលីបាបាជាច្រើនមកហើយ។ ប៉េកាំងបានបិទខ្ទប់មិនឱ្យអាលីបាបា មានចំណែកក្នុងភាគហ៊ុនរបស់ក្រុម Ant Group ជើងឯកពិភពលោកផ្នែកបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងក្លាយទៅជាក្រុមហ៊ុនបង់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិកដ៏ធំជាងគេក្នុងប្រវត្តិសាស្ត្រ។ ដើម្បីទប់ ឥទ្ធិពលរបស់អាលីបាបា ដែលឡើងខ្លាំងជ្រុល និងដាក់វិស័យអ៊ីនធ័រនែតទាំងមូល ឱ្យស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងតែង បក្សកុម្មុយនិស្តចិនបានតម្រែតម្រង់ក្រុមហ៊ុនឱ្យផ្តោតលើរបរពាណិជ្ជកម្មតែមួយ។ បើតាមWall Street Journal ប៉េកាំងទំនងជាបានដាក់គំនាបឱ្យអាលីបាបា កុំលូកដៃក្នុងប្រព័ន្ធឃោសនាព័ត៌មាន ដូចជាឈប់គាំទ្រកាសែតSouth China Morning Post ជាភាសាអង់គ្លេសដែលតែងតែរិះគន់របបកុម្មុយនិស្តផង៕
ប្រភព៖ RFI
មតិយោបល់