កំណើននៃការនាំចូលនិងនាំចេញរបស់ចិននេះបញ្ជាក់ថាយុទ្ធនាការចាក់វ៉ាក់សាំង និងការបន្ធូរបន្ថយវិធានការទប់ស្កាត់កូវីដ ជះផលវិជ្ជមានដល់វិស័យពាណិជ្ជកម្មចិន។ គេរំពឹងថាការនាំចូល និងនាំចេញរបស់ចិន នឹងល្អប្រសើរឡើងបន្ថែមទៀតនៅប៉ុន្មានខែខាងមុខ។
ការនាំចូលរបស់ចិននៅក្នុងខែមីនា ឆ្នាំ២០២១ បានកើនឡើងចំនួន ៣៨,១% ធៀបនឹងខែមីនា ឆ្នាំ ២០២០ ជាពេលដែលសេដ្ឋកិច្ចចិន ត្រូវបានបង្អាក់ដោយសារការរីករាលដាលនៃជំងឺកូវីដ។ តម្រូវការក្នុងស្រុករបស់ចិន បានវិលត្រឡប់ទៅរកសភាពធម្មតាវិញ បន្ទាប់ពីវិបត្តិកូវីដកាលពីឆ្នាំទៅមិញ បានបង្ខំឲ្យជីវកម្មជាច្រើនបិទទ្វារនិងបង្ខំឲ្យប្រជាជនស្នាក់នៅតែក្នុងផ្ទះ។

តួលេខនេះ គឺជាការកើនឡើងយ៉ាងខ្លាំងពីកំណើនចំនួន ២២,២ %ដែលមានកាលពីខែមករា-កុម្ភៈ។ ហើយនេះគឺជាការកើនឡើងនៃការនាំចូលខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈឆ្នាំ ២០១៧។
លោកស្រី Iris Pang ជាសេដ្ឋវិទូម្នាក់បានមានប្រសាសន៍ថា កត្តាសំខាន់នៅពីក្រោយការកើនឡើងនៃការនាំចូលរបស់ចិនគឺគ្រឿងអេឡិចត្រូនិក។ លោកស្រីថា ដោយសារជួបបញ្ហាក្នុងការផលិត កោះតៃវ៉ាន់ក៏នាំចេញគ្រឿងបន្លាស់អេឡិចត្រូនិកមួយចំនួនទៅកាន់ប្រទេសចិន ដើម្បីបញ្ចប់ផលិតកម្មនៅទីនោះ។

ដូចគ្នានេះដែរ វិស័យនាំចេញរបស់ចិនមានកើនឡើងចំនួន ៣០,៦%។ អត្រាកំណើន ៣០,៦% ថ្វីដ្បិតទាបជាងអត្រា ៣៨% ដែលព្យាករណ៍ដោយ Bloomberg ក្តី ក៏ប៉ុន្តែតួលេខនេះ នៅតែស្ថិតក្នុងចំណោមកំណើនខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ ២០១៨ មក។ ជាការគួរឲ្យកត់សម្គាល់ ការនាំចេញទៅក្រៅប្រទេសរបស់ចិនបានកើនឡើងជាង ៦០% នៅក្នុងខែមករាដល់ខែកុម្ភៈ។

គួរជ្រាបថា កំណើនវិស័យនាំចេញបានធ្វើឲ្យអតិរេកពាណិជ្ជកម្មរបស់ចិន កើនឡើងផងដែរ។ ទិន្នន័យគយបានបង្ហាញ អតិរេកពាណិជ្ជកម្មសរុបរបស់ចិនមានចំនួនប្រមាណ ១៣,៨ ពាន់លានដុល្លារ ចំណែកផលសល់ពាណិជ្ជកម្មរវាងចិន និងអាមេរិក បានកើនឡើងប្រមាណ ៤០% ស្មើនឹងតម្លៃខ្ទង់ ២១,៤ ពាន់លានដុល្លារ។ អតិរេក (ផលសល់) ពាណិជ្ជកម្មរវាងចិន និងអាមេរិក ដែលបន្តកើនឡើងជាដំណឹងល្អសម្រាប់ចិន តែមិនមែនសម្រាប់អាមេរិកទេ។ ហើយនេះ គឺជាចំណុចខ្វែងគំនិតគ្នាខ្លាំង នៅក្នុងសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក ក្រោមអាណត្តិដឹកនាំរបស់លោកដូណាល់ ត្រាំ៕
មតិយោបល់