ប្រទេសធំៗដែលមានឧស្សាហកម្មជឿនលឿនខ្លាំង ហើយដែលបំពុលបរិយាកាសខ្លាំងដែរ បានបង្ហាញមុខចរចាគ្នា រកផ្លូវទប់ទល់បញ្ហាផ្សែងពុលនិងកម្តៅផែនដី។ ប្រមុខការទូតបារាំង ថ្លែងពីក្រុងញូវដេលី ថា បារាំងគាំទ្រឥណ្ឌាពេញទំហឹង ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងការជជែកពិភាក្សាគ្នារៀបចំដោយស្ថានទូតបារាំង រដ្ឋមន្ត្រី Jean-Yves Le Drian រម្លឹកពីសេចក្តីប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ដែលចង់សម្រេចគោលដៅផលិតថាមពលស្អាត ឬថាមពលកកើតឡើងវិញ ឲ្យបាន ៤៥០ជីហ្គាវ៉ាត់ ពីពេលនេះដល់ឆ្នាំ២០៣០។
ចំណែកសមភាគីឥណ្ឌា រដ្ឋមន្ត្របរិស្ថានទទួលបន្ទុកព្រៃឈើនិងការប្រែប្រួលអាកាសធាតុ លោក Prakash Javadekar បញ្ជក់ថា « ឥណ្ឌាគោរពតាមខចែងនៃកិច្ចព្រមព្រៀងអន្តរជាតិនៃក្រុងប៉ារីសស្តីពីអាកាសធាតុ និងថា ប្រមុខដឹកនាំនៃប្រទេសទាំងពីរ គឺ លោក ម៉ាក្រុង និងលោក ម៉ូឌី សុទ្ធតែមានចិត្តតែមួយ គឺរួមគ្នាប្រយុទ្ធទប់ស្ងាត់នឹងបម្រែបម្រួលអាកាសធាតុ »។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីបរិស្ថានឥណ្ឌាថែមទាំងលើកសរសើរប្រទេសខ្លួនថា « ឥណ្ឌានៅមិនទាន់បញ្ចេញផ្សែងបំពុលបរិស្ថានខ្លាំងទេ ផ្ទុយទៅវិញ ទ្វីបអឺរ៉ុប បំពុលបរិយាកាស ជាង១៥០ឆ្នាំ និងប្រទេសចិន ក៏បំពុលអាកាសជាង៣០ឆ្នាំហើយ » ។
តាមរបាយការណ៍ បច្ចុប្បន្ន ចិន បញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ប្រមាណជា៣០ភាគរយ នៃការបញ្ចេញផ្សែងធៀបនឹងប្រទេសទូទាំងពិភលោក។ ចិននិងសហរដ្ឋអាមេរិក ជាប្រទេសពីរនាំមុខគេខាងបញ្ចេញផ្សែងពុលតាមរយៈឧស្សាហកម្ម។ ដូច្នេះហើយ លោក John Kerry មន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុកបរិស្ថានអាកាសធាតុ បានថ្លែងប្រាប់បណ្តាញឃោសនាអាមេរិកថា « ដើម្បីទប់ទល់នឹងបញ្ហាអាកាសធាតុ គេមិនអាចគ្មានការចូលរួមរបស់ភាគីចិននោះឡើយ »។
គួរជ្រាបថា លោក John Kerry នឹងត្រូវជជែកជាមួយថ្នាក់ដឹកនាំចិន ដើម្បីត្រៀមរៀបចំកិច្ចជំនួបកំពូលមួយស្តីពីអាកាសធាតុ នៅសប្តាហ៍ក្រោយនេះ តបតាមការអញ្ជើញរបស់ប្រធានាធិបតី ចូ បាយដិន។ លោក បាយ ដិន បានអញ្ជើញប្រមុខរដ្ឋរុស្ស៊ីនិងចិនព្រមទាំងថ្នាក់ដឹកនាំប្រទេស៤០ ចូលរួមប្រជុំតាមអនឡាញ នៅថ្ងៃទី២២-២៣មេសា។ តែគិតត្រឹមថ្ងៃពុធ លោក ស៊ី ជិនពីង នៅមិនទាន់បញ្ជាក់អឺអើថាចូលប្រជុំ នៅឡើយទេ៕
មតិយោបល់