ប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរដូចគ្នាទាំងពីរ គឺឥណ្ឌានិងប៉ាគីស្ថានលែងនិយាយរកគ្នា តាំងពីឆ្នាំ២០១៩មក។ ក្រោយភេរវកម្មអត្តឃាតប្រឆាំងក្បួនទ័ពឥណ្ឌានៅតំបន់កាស្មៀរ និងបន្ទាប់ពីនាយករដ្ឋមន្ត្រី ឥណ្ឌាបានសម្រេចដកស្វ័យតភាពតំបន់កាស្មៀរនោះមក ទំនាក់ទំនងការទូតធ្លាក់ដុនដាបខ្លាំង ទំនាក់ទំនងពាណិជ្ជកម្មត្រូវព្យួរ

ប៉ុន្តែថ្មីៗនេះ រដ្ឋាភិបាលទាំងពីរ បានបើកផ្លូវទូត ដើម្បីស្តារទំនាក់ទំនងឱ្យវិលត្រលប់មកភាពធម្មតាឡើងវិញ តាមរយៈការជួបពិភាក្សាដោយស្ងាត់ៗនៅក្នុងប្រទេសទីបី។ បើតាមប្រភពព័ត៌មានដែលទីភ្នាក់ងាររ៉យទ័រទទួលបាន ភ្នាក់ងារចារកិច្ចឥណ្ឌានិងប៉ាគីស្ថានបានជួបគ្នាជាច្រើនលើកនិងតាំងពីជាច្រើនខែមកហើយ នៅថៃ នៅក្រុងឡុងដ៍ ឬនៅឌូបៃ។ ប៉ុន្តែពុំមានការជូនដំណឹងជាសាធារណៈទេ ព្រោះសភាពការណ៍អាចប្រែក្រឡាស់បាននៅឡើយ។

ក្រោយជំនួបចរចានៅឌូបៃកាលពីខែមករា ឥណ្ឌានិងប៉ាគីស្ថានបានសម្រេចបិទបញ្ចប់ ការប្រយុទ្ធគ្នាដោយអាវុធនៅតាមបន្ទាត់ព្រំដែនជាប់ជម្លោះនៃតំបន់កាស្មៀរ។ បទឈប់បាញ់មានចូលជាធរមានមកទល់ពេលនេះ។ ប្រទេសជិតខាងទាំងពីរក៏បានលើកឡើងអំពីផែនការរៀបចំការបោះឆ្នោតនៅតំបន់កាស្មៀរនៅឆ្នាំនេះ ដើម្បីផ្សះផ្សាតំបន់ដែលហែកហួរបង្ហូរឈាមអស់រយៈពេលជាង៧៤ឆ្នាំមកហើយ ដោយប៉ាគីស្ថានឈប់ស្រែកប្រឆាំងនឹងការបញ្ចប់ស្វ័យភាពតំបន់កាស្មៀរឥណ្ឌា ចំណែកឥណ្ឌាឈប់ចោទប៉ាគីស្ថានថាបង្កអំពើហិង្សាតាមព្រំដែន។ នេះបើតាមប្រភពដដែល។

ក្រសួងការបរទេសឥណ្ឌាបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះជំនួបដោយស្ងាត់ៗនេះទេ។ ចំណែកក្រសួងការពារជាតិប៉ាគីស្ថានក៏មិនឆ្លើយនឹងសំណួររបស់អ្នកកាសែតជុំវិញសំណុំរឿងនេះដែរ។ ប៉ុន្តែបើតាមអ្នកវិភាគ ប៉ាគីស្ថាន និងឥណ្ឌា មានហេតុផលចាំបាច់ត្រូវតែខិតរកគ្នាវិញ។ ឥណ្ឌាមានបញ្ហាព្រំដែនជាមួយចិនជាប់គាំងស្តូកស្តឹង តាំងពីឆ្នាំមុនមក មិនចង់ឱ្យយោធាបើកសមរភូមិមួយទៀតនៅខាងប៉ាគីស្ថានទេ។ ចំណែកប៉ាគីស្ថាន កំពុងលង់ក្នុងវិបត្តិសេដ្ឋកិច្ច រស់បានដោយជំនួយសង្គ្រោះរបស់មូលនិធិរូបិយវត្ថុ ក៏មិនអាចបណ្តោយឱ្យមានការតតាំងនៅតំបន់កាស្មៀរអូសបន្លាយបានដែរ។ ម្យ៉ាងទៀតប៉ាគីស្ថានត្រូវគិតគូររក្សាស្ថិរភាពនៅប៉ែកខាងលិចទៀត នៅពេលកងទ័ពអាមេរិកត្រូវដកចេញពីអាហ្វហ្កានីស្ថាន៕
មតិយោបល់