ព័ត៌មានជាតិ

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រចោទប្រកានលើឈ្មោះ សៀង រង្សី ពីបទរារាំងសមត្ថកិច្ចនូវការអនុវត្តន៍វិធានរដ្ឋបាល និងប្រើប្រាស់ដោយគ្មានសិទ្ធិ នូវយានយន្តដែលមានស្លាកសញ្ញាសម្គាល់នគរបាល

នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រចោទប្រកានលើឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ពីបទរារាំងសមត្ថកិច្ចនូវការអនុវត្តន៍វិធានរដ្ឋបាល និងប្រើប្រាស់ដោយគ្មានសិទ្ធិ នូវយានយន្តដែលមានស្លាកសញ្ញាសម្គាល់នគរបាល ឬយោធា។បុគ្គលឈ្មោះ សៀង រង្សី ដែលបើករថយន្ដពាក់ផ្លាកលេខ ន.ប និងនិយាយពេលឡាយវីដេអូថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលកំពុងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១គឺបន្ទាប់ពីបញ្ចប់ការសួរនាំក្រោយចាប់ខ្លួនថ្ងៃដដែលនោះ៕

បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា នៅពេលសួរនាំ បុគ្គលរូបនេះមិនមែនជាមន្ដ្រីនគរបាលនោះទេ ពោលពេលឡាយវីដេអូនោះ គ្រាន់និយាយអួតគេតែប៉ុណ្ណោះ។ សំណុំរឿងរបស់មន្ដ្រីនគរបាលយុត្តិធម៌ ដែលបានបញ្ជូនទៅតុលាការនេះ ចោទប្រកាន់២បទល្មើស រួមមាន៖
*ទី១៖ ក្លែងបន្លំជាមន្ដ្រីនគរបាលជាតិ
*ទី២៖ ល្មើសសេចក្ដីសម្រេចវិធានការបិទខ្ទប់រាជធានីភ្នំពេញ។
សូមជម្រាបថា បុគ្គលរូបនេះមិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋ និងបុគ្គលមិនចាំបាច់ចេញក្រៅផ្ទះនោះ បានបង្ហោះវីដេអូអួតពីការធ្វើដំណើរដោយមិនខ្លាចសមត្ថកិច្ច នៅលើបណ្ដាញសង្គម Facebook បានប៉ុន្មានម៉ោង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ និងឃើញសកម្មភាពជាក់ស្ដែងរបស់បុគ្គលរូបនេះ ដែលជិះរថយន្ដហើយថតសកម្មភាពតាមផ្លូវ និងប្រកាសថា មិនខ្លាចសមត្ថកិច្ចចាប់ខ្លួននោះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកស្រាវជ្រាវភ្លាមៗ ហើយឈានទៅដល់ការឃាត់ខ្លួន និងរថយន្តនៅខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ចបានអះអាងថា ក្រោយចាប់ខ្លួនបុគ្គលរូបនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus RX300 ឆ្នាំ២០១៨ ពាក់ផ្លាកលេខនគរបាល ២-៦១២៨ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ពិសេសពាក់ព័ន្ធការល្មើសវិធានការរបស់សម្ដេចតេជោ ហ៊ុន សែន។

 

 

 

មតិយោបល់